អតីតសមាជិកគណបក្សរាជានិយម៤នាក់ ដែលត្រូវបណ្ដេញចេញពីបក្ស ទាមទារឲ្យប្រធានស្តីទីបក្សនេះបកស្រាយអំពីការបណ្តេញពួកគេចេញពីបក្ស អតីតថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សហ៊្វុនស៊ិនប៉ិច៤រូប ដែលទើបរងការបណ្ដេញចេញពីបក្សនោះ បានបង្ហាញការអន់ចិត្តចំពោះប្រធានស្ដីទីគណបក្សហ៊្វុនស៊ិនប៉ិច។
សមាជិកគណបក្សហ៊្វុនស៊ិនប៉ិចទាំងបួនរូបនោះ អះអាងនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២៣ ខែសីហាថា ការបណ្ដេញពួកគាត់ចេញពីបក្សធ្វើឡើងដោយគ្មានមូលហេតុច្បាស់លាស់ និងខុសលក្ខន្ដិកៈបក្ស។
អតីតថ្នាក់ដឹកនាំ៤រូប ដែលត្រូវបានប្រធានស្ដីទីរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលជាបុត្រាច្បងរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ គឺ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បណ្ដេញចេញពីបក្សកាលពីថ្ងៃទី២០ ខែសីហានោះរួមមាន លោកយូ ហុកគ្រី លោកប៉ោ ប៊ុនស្រ៊ឺ លោកញ៉េប ប៊ុនជិន និងលោកវ៉ាន់ សុផាន់ណា។
អតីតអនុប្រធាន និងជាអ្នកនាំពាក្យរបស់គណបក្សលោកញ៉េប ប៊ុនជិន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកលោក មិនយល់ពីព្រះរាជគំនិតរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែលបណ្តេញពួកលោកចេញពីបក្សដោយគ្មានការប្រាប់ដំណឹង ឬពិគ្រោះយោបល់ជាមុន។
ក្រុមអ្នកឃ្លាំមើលនិយាយថា អតីតមន្រ្តីជាន់ខ្ពស់ក្នុងគណបក្សហ៊្វុនស៊ិនប៉ិចទាំងបួនរូបនេះគួរតែត្រូវបានដកចោលតាំងពីយូរមកហើយ ដោយសារអ្នកទាំងនោះលួចបម្រើគោលនយោបាយឲ្យគណបក្សប្រជាជនកម្ពុជា៕