តុលាការលោកហ៊ុន សែនដោះលែងលោកអ៊ុំ សំអានតាម ព្រះរាជទានលើកលែងទោស ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី កាលពីថ្ងៃទី២៥ ខែសីហា បានព្រះរាជទានការលើកលែងទោសលោក អ៊ុំ សំអាន អតីតតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ តាមសំណើរបស់លោក ហ៊ុន សែន។
លោក អ៊ុំ សំអាន បានប្រាប់ក្រុមអ្នកសារព័ត៌មានពេលចេញពីពន្ធនាគារព្រៃសថា លោកត្រេកអរចំពោះការដោះលែងនេះ ហើយសង្ឃឹមថា អ្នកទោសនយោបាយផ្សេងទៀត រួមមានលោកមាជ សុវណ្ណារ៉ា លោកអាន បឋម លោកកឹម សុខា និងមនុស្សជាច្រើនទៀត នឹងត្រូវបានដោះលែងនៅពេលឆាប់ៗខាងមុខនេះដែរ។
លោកអះអាងថា លោកមិនទាន់មានគម្រោងចូលធ្វើនយោបាយវិញទេ ដរាបណាគណបក្សសង្គ្រោះជាតិមិនទាន់អាចរស់ឡើងវិញនោះ។
លោកបន្តថា សម្រាប់ពេលនេះលោកចង់រួមរស់ជាមួយក្រុមគ្រួសារ ដែលបានបែកបាក់គ្នាអស់រយៈពេលជាងពីរឆ្នាំមកហើយនោះ។
លោកអ៊ុំ សំអាន ជាអតីតតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចខេត្តនេះចាប់ខ្លួនទាំង កណ្តាលអាធ្រាត កាលពីខែមេសា ឆ្នាំ២០១៦ កន្លងទៅ បន្ទាប់ពីលោកបានវិលត្រឡប់ពីសហរដ្ឋអាមេរិក។
តុលាការនៃរបបលោកហ៊ុន សែនបានកាត់ទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ៦ ខែ និងពិន័យជាប្រាក់ ៤ លានរៀលពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទ ញុះញង់ឱ្យមានការរើសអើង ក្រោយពេលលោកបានរិះគន់របប លោកហ៊ុន សែនអំពីបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។
សហគមន៍ជាតិ និងអន្តរជាតិកន្លងមកបានថ្កោលទោសថា រដ្ឋាភិបាល លោកហ៊ុន សែនបានឃុំខ្លួនលោកអ៊ុំ សំអាន និងអ្នកទោសមនសិកាដទៃទៀតក្នុងហេតុផលនយោបាយដ៏អយុត្តិធម៌៕