វីដេអូ

ក្រុមដោះមីនបានរកឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះ២៦គ្រាប់ នៅស្រុកក្រគរ និងស្រុកវាលវែង ខេត្តពោធិ៍សាត់

By ឌឹ ខេមបូឌា ដេលី

August 26, 2018

ក្រុមអ្នកដោះមីនបានរកឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២៦គ្រាប់ នៅស្រុកក្រគរ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ សមត្ថកិច្ចមូលដ្ឋានស្រុកវាលវែង និងស្រុកក្រគរ កាលពីពេលថ្មីៗនេះ បាននាំគ្នាចុះប្រមូលកាកសំណល់ យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២៦គ្រាប់ ក្រោយពេលពលរដ្ឋនៅតំបន់នោះប្រទះឃើញជាបន្តបន្ទាប់។

របាយការណ៍នគរបាលខេត្តពោធិ៍សាត់ឲ្យដឹងថា កម្លាំងនគរបាលស្រុកក្រគរ កាលពីថ្ងៃទី២៣ ខែសីហា បានចុះប្រមូលកាកសំណល់ យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១៩គ្រាប់។

ចំណែកនៅប៉ុស្ដិ៍នគរបាលស្នាអន្សាបានប្រគល់គ្រាប់បែកដៃចំនួន១គ្រាប់ ហើយនៅស្រុកវាលវែង ប្រមូលកាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទបេ៤០ ចំនួន៧គ្រាប់ថែមទៀត។

សមត្ថកិច្ចខេត្តពោធិ៍សាត់ឲ្យដឹងថា កាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់នៅពីសម័យកាលសង្រ្គាមដ៏យូរលង់នៅប្រទេសកម្ពុជានេះ ត្រូវបានប្រគល់ជូនមន្រ្តីជំនាញគ្រាប់រំសេវនៃអង្គការ Hallo Trust ហើយគ្រាប់ខ្លះត្រូវបានកម្ទេចចោលនៅនឹងកន្លែង និងមួយចំនួនទៀត បានប្រមូលយកទៅទុកនៅកន្លែងបច្ចេកទេស។

របាយការណ៍របស់មជ្ឈមណ្ឌលកំចាត់មីនឲ្យដឹងថា គិតចាប់ពីឆ្នាំ១៩៧៩ មក គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បណ្ដាលឲ្យពលរដ្ឋស្លាប់សរុបជិត២ម៉ឺននាក់ ហើយពលរដ្ឋជិត៤ម៉ឺន ៥ពាន់នាក់ផ្សេងទៀតបានរងរបួស ឬធ្លាក់ខ្លួនពិការ។

កម្ពុជាត្រូវការថវិកាសរុបជាង ៤០០ លានដុល្លារ ដើម្បីដោះគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់ពីកម្ពុជា ត្រឹមឆ្នាំ២០២៥ខាងមុខនេះ៕