សកម្មជនគណបក្សសង្គ្រោះជាតិចំនួន១៤នាក់ត្រូវបានដោះលែង ឲ្យមានសេរីភាពឡើងវិញ តុលាការនៃរបបលោកហ៊ុន សែនកាលពីថ្ងៃយប់ថ្ងៃទី២៧ ខែសីហា បានសម្រេចដោះលែងលោកមាជ សុវណ្ណារ៉ា និងសមាជិកអតីតគណបក្សប្រឆាំងចំនួន១៣នាក់ផ្សេងទៀត ឱ្យមានសេរីភាពឡើងវិញហើយ ក្រោយពីមានព្រះរាជក្រិត្យលើកលែងទោសពីព្រះមហាក្សត្រ តាមសំណើរបស់លោកហ៊ុន សែន។
អ្នកទាំង១៤នាក់នេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល៧ឆ្នាំ ទៅ២០ឆ្នាំពីបទចូលរួមធ្វើកុបកម្មក្បែរស្ពាននាគកាលពីចុងឆ្នាំ២០១៣។
ការដោះលែងអ្នកទាំង១៤រូបនេះ ធ្វើឡើងក្រោយពីពួកគេបានធ្វើលិខិតស្នើសុំលើកលែងទោស និងសុំទោសលោកហ៊ុន សែនកាលពីថ្ងៃទី២៤ ខែសីហា ចំពោះការខុសឆ្គងរបស់ពួកគេដែលបាននាំគ្នាធ្វើបាតុកម្មកាលពីចុងឆ្នាំ២០១៣នោះ។
ការសម្រេចដោះលែងអ្នកនយោបាយជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីលោកហ៊ុន សែនប្រកាសបើកការលើកលែងទោសទ្រង់ទ្រាយធំដល់ទណ្ឌិតនៅក្នុងប្រទេសកម្ពុជា នៅអំឡុងបុណ្យភ្ជុំបិណ្ឌ ឬបុណ្យអុំទូកខាងមុខនេះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watchកាលពីខែឧសភាចាត់ទុកការឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិជាង១០រូបនេះថា ធ្វើឡើងក្នុងហេតុផលនយោបាយ និងដោយប្រតិដ្ឋបទចោទសុទ្ធសាធ ដើម្បីឈានទៅរកការបំផ្លាញគណបក្សប្រឆាំង នៅមុនការបោះឆ្នោតក្លែងក្លាយកន្លងមកប៉ុណ្ណោះ៕