សកម្មជនគណបក្សសង្គ្រោះជាតិប្រកាសឈប់ប្តឹងរបបលោកហ៊ុន សែនជាថ្នូរនឹងការដោះលែងពីពន្ធនាគារ នៅមុនតុលាការនៃរបបលោកហ៊ុន សែនដោះលែងឲ្យមានសេរីភាពឡើងវិញ អតីតមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លោកមាជ សុវណ្ណារ៉ាប្រកាសថា លោកនឹងដកបណ្តឹងពីគ្រប់ស្ថាប័ន ឬតុលាការ គ្រប់ជាន់ថ្នាក់ទាំងអស់ទាំងជាតិ និងអន្តរជាតិ ដែលលោកបានប្តឹងកន្លងមក។
លិខិតផ្ញើទៅកាន់លោកហ៊ុន សែនដោយសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១៤រូបដែលទើបត្រូវបានដោះលែងកាលពីយប់ថ្ងៃទី២៧ ខែសីហាកន្លងទៅនេះ ក៏បានសរសេរដែរថា ពួកគេទទួលស្គាល់នូវលទ្ធផលឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨ និងបានយល់ព្រមគាំទ្រចំនួនមនុស្សដែលបានចេញទៅបោះឆ្នោតថា ពិតជាមានចំនួនច្រើនលើសលប់ រហូតដល់ទៅជាង៨៣%។
ពួកគេសរសេរថា គណបក្សប្រជាជនកម្ពុជាពិតជាបានឈ្នះសំឡេងឆ្នោតយ៉ាងភ្លូកទឹក ភ្លូកដី និងទទួលបានអាសនៈនៅក្នុងរដ្ឋសភាទាំងអស់១២៥/១២៥ អាសនៈ ក្នុងអាណត្តិទី៦នៃរដ្ឋសភាពិតមែន។
សកម្មជនគណបក្សសង្គ្រោះជាតិទាំង១៤ រូបនេះក៏បានសន្យាថា ចាប់ពីថ្ងៃនេះតទៅ ពួកគេនឹងមិនចូលរួមធ្វើបាតុកម្ម ឬធ្វើសកម្មភាពណាមួយ ដោយគ្មានការពិចារណាបែបនេះឡើយ។
ហើយពួកគេនឹងគោរពច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់នានា ព្រមទាំងចូលរួមការពារនូវសន្តិភាព ដែលលោកហ៊ុន សែនខិតខំកសាងបានយ៉ាងលំបាកឲ្យបានគង់វង្សជានិច្ចនិរន្តរ៍ថែមទៀតផង។
ប៉ុន្តែអ្នកវិភាគនយោបាយលោកគឹម សុខ អះអាងថា លិខិតរបស់សកម្មជនគណបក្សសង្គ្រោះជាតិទាំង១៤រូបនេះធ្វើឡើងដោយសាររងនូវសម្ពាធផ្លូវចិត្តពីរបបលោកហ៊ុន សែន។
លោកបន្តថា លោកហ៊ុន សែនអាចយកលិខិតនេះធ្វើជាលេសក្នុងការដោះលែងដោយចិត្តមនុស្សធម៌របស់លោកមិនមែនដោយសាររងនូវសម្ពាធរបស់សហគមន៍អន្តរជាតិនោះឡើយ។
ភរិយារបស់លោកមាជ សុវណ្ណារ៉ាគឺអ្នកស្រីជេមី មាជ ដែលកំពុងរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បានសម្តែងការសប្បាយរីករាយចំពោះការដោះលែងប្តីរបស់អ្នកស្រីឲ្យមានសេរីភាពឡើងវិញនេះ។
អ្នកស្រីបានប្រាប់ក្រុមអ្នកសារព័ត៌មានថា សា្វមីរបស់អ្នកស្រីនឹងមិនទាន់ធ្វើដំណើរត្រឡប់មកសហរដ្ឋអាមេរិកភ្លាមៗនៅឡើយទេ ដោយលោកត្រូវសាងផ្នួស បួសជាព្រះភិក្ខុសង្ឃរយៈពេល១អាទិត្យក្នុងប្រទេសកម្ពុជាជាមុនសិន៕