តុលាការក្រុងភ្នំពេញពន្យារពេលជំនុំជម្រះសំណុំរឿងមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប. ទៅខែកញ្ញាខាងមុខ សាលាដំបូងរាជធានីភ្នំពេញបានលើកពេលសវនាការសំណុំរឿងមន្ត្រីសមាគមអាដហុក និងអតីតមន្ត្រី គ.ជ.ប. ទៅថ្ងៃទី ១៨ ខែកញ្ញា ខាងមុខវិញ។
ការលើកពេលនេះ ធ្វើឡើងទៅតាមការស្នើសុំរបស់ក្រុមមេធាវី ដោយ សារមន្ត្រីអាដហុក២រូបទៀតមិនទាន់ទទួលបានដីកាកោះរបស់តុលាការនៅឡើយ ហើយសាក្សីមួយចំនួនទៀតក៏អវត្តមាននៅក្នុងសវនាការ កាលពីថ្ងៃទី២៧ ខែសីហានោះដែរ។
មន្ត្រីនាំពាក្យសមាគមអាដហុក (ADHOC) លោកសឹង សែនករុណា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកនី ចរិយា លោកយី សុខសាន្ត និងលោកណៃ វ៉ង់ដា បានចូលរួមក្នុងសវនាការ ប៉ុន្តែ លោក នី សុខា និងអ្នកស្រីលឹម មុនីមិនបានចូលរួមនោះទេ ដោយសារពួកគាត់នៅមិនទាន់ទទួលបានដីការកោះហៅពីតុលាការ។
លោកបន្តថា លោកអាក់អន់ចិត្តជាខ្លាំងចំពោះការលើកពេលសវនាការនេះ ដោយសារតែមន្រ្តីតុលាការធ្វើការមិនបានល្អក្នុងការបញ្ជូនដីកាទៅដល់ដៃជនត្រូវចោទ ដែលនាំឲ្យមានការពន្យារពេលថ្ងៃសវនាការដូច្នេះ។
បុគ្គលិកសមាគមអាដហុកចំនួន៤រូប និងលោកអតីតបុគ្គលិករបស់សមាគមនេះម្នាក់ទៀតគឺលោកនី ចរិយាត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីក្នុងសំណុំរឿងអាស្រូវស្នេហាមួយដែលគេចោទថា ធ្វើឡើងរវាងលោកកឹម សុខានិងនាង ខុម ចាន់ដារ៉ាទី ហៅស្រីមុំ។
អ្នកទាំង ៥ ត្រូវបានតុលាការនៃរបបលោក ហ៊ុន សែន ឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារអស់រយៈពេលជាង ១ ឆ្នាំ ហើយដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នវិញ កាលពីចុងខែមិថុនាឆ្នាំ២០១៧កន្លងទៅ៕