អង្គការអន្តរជាតិចំនួន៥ បានស្នើឲ្យទម្លាក់បទចោទពីមន្ត្រីអាដហុក ៤ រូប និងមន្ត្រី គ.ជ.ប.១រូបពាក់ព័ន្ធនឹងបទសូកប៉ាន់សាក្សី ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សបណ្ដាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី សម្ព័ន្ធពិភពលោកដើម្បីការចូលរួមរបស់ពលរដ្ឋ អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការសម្ព័ន្ធអ្នកកាសែតអាស៊ីអាគ្នេយ៍ជំរុញឲ្យតុលាការនៃរបបលោកហ៊ុន សែនទម្លាក់ចោលបទចោទប្រកាន់ក្រុមមន្រ្តីសមាគមអាដហុកចំនួនបួនរូប និងមន្រ្តីគ.ជ.ប.មួយរូបដើម្បីឲ្យពួកគេមានសេរីភាពដូចពលរដ្ឋធម្មតាឡើងវិញ។
ក្រុមសង្គមស៊ីវិលអន្តរជាតិទាំងនេះ បានចាត់ទុកការចោទប្រកាន់មកលើបុគ្គលិកសមាគមអាដហុកទាំងនេះថា ជាការប្រតិដ្ឋ និងជាហេតុផលនយោបាយ។
សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោកជិន ម៉ាលីន ចុះផ្សាយកាលពីថ្ងៃទី២៧ ខែសីហាថា ការស្នើរបស់ក្រុមអង្គការខាងលើដែលសុំឲ្យទម្លាក់បទចោទនេះមិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការតុលាការនោះទេ ហើយក៏មិនអាចមានអន្តរាគមន៍ ពីរដ្ឋាភិបាលទេ ដោយសារសំណុំរឿងនេះកំពុងតែដំណើរការ។
លោកបន្តថា មានតែតុលាការប៉ុណ្ណោះដែលអាចទម្លាក់បទចោទប្រកាន់ដល់ពួកគេបាន ប្រសិនបើពួកគេ អាចមានភ័ស្តុតាង ឬសក្ខីកម្ម ថ្មីដាក់ជូនតុលាការដើម្បីបង្ហាញថា ពួកគេមិនមានពិរុទ្ធដូចការចោទប្រកាន់ ពេលនោះតុលាការអាចនឹងទម្លាក់បទចោទនេះហើយ។
លោកជិន ម៉ាលីនបញ្ជាក់ថា នាយករដ្ឋមន្ត្រីមិនអាចស្នើសុំឲ្យមានការលើកលែងទោសបានទេ លុះត្រាតែករណីនេះត្រូវបានតុលាការផ្ដន្ទាទោសរួចរាល់សិន៕