គណបក្សប្រជាធិបតេយ្យមូលដ្ឋានដាក់លក្ខខណ្ឌ៩ចំណុច ដើម្បីចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់របស់លោកហ៊ុន សែន មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ដាក់លក្ខខណ្ឌ៩ចំណុច មុននឹងសម្រេចចូលរួមជាមួយឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់របស់លោកហ៊ុន សែន។
ប្រធានគណៈកម្មាធិការនាយករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៨ ខែសីហាថា លក្ខខណ្ឌសំខាន់ៗមួយចំនួនដែលលោកបានដាក់ទៅឲ្យលោកហ៊ុន សែននោះ រួមមាន សមាជិករបស់ឧត្តមក្រុមប្រឹក្សានេះ មិនចាំបាច់មានឋានៈស្មើទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលនោះទេ។
លោកបន្តថា គណបក្សនយោបាយគួរទទួលបានការឧបត្ថម្ភពីថវិកាជាតិ អាស្រ័យទៅលើចំនួនសន្លឹកឆ្នោត ដែលគណបក្សនីមួយៗទទួលបានពីការបោះឆ្នោត។
ជាងនេះទៅទៀត លោកយ៉ង សាំងកុមារក៏ស្នើឲ្យមានការ ស្ទង់មតិទៀងទាត់ពីសំណាក់ពលរដ្ឋ លើកម្រិតនៃការពេញចិត្ត ឬមិនពេញចិត្តលើការដឹកនាំរបស់រដ្ឋាភិបាលនិងការស្ទង់មតិលើសេចក្តីព្រាងច្បាប់នានា ហើយរៀបចំឲ្យមានការបោះឆ្នោតជ្រើសរើសអភិបាលរាជធានី ខេត្ត ឬក្រុងជាដើម។
រហូតមកទល់ពេលនេះ មានតែគណបក្សចំនួនពីរប៉ុណ្ណោះដែលកាន់ជំហរដាច់ខាតមិនចូលរួមជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់របស់លោកហ៊ុន សែន ក្នុងចំណោមគណបក្សចំនួន២០ ដែលចូលរួមការបោះឆ្នោតកន្លងទៅ។
គណបក្សទាំងពីរនោះរួមមាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) និងគណបក្សខ្មែរឈប់ក្រ៕