29 C
Phnom Penh

ក្រុមសកម្មជនគណបក្សសង្គ្រោះជាតិអំពាវនាវឲ្យមានការបញ្ឈប់ការចាប់ខ្លួនអ្នកនយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសកម្មជនគណបក្សសង្គ្រោះជាតិដែលទើបបានដោះលែងឲ្យមានសេរីភាពឡើងវិញអំពាវនាវឲ្យមានការបញ្ឈប់ការចាប់ខ្លួនអ្នកនយោបាយ អតីតមន្រ្តីជាន់ខ្ពស់ខាងផ្នែកព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលទើបត្រូវបានដោះលែងពីពន្ធនាគារជាមួយសកម្មជនគណបក្សប្រឆាំងចំនួន១៣ រូបផ្សេងទៀតបានអំពាវនាវឲ្យលោក ហ៊ុន សែនបញ្ឈប់ការចាប់ខ្លួនអ្នកទោសនយោបាយដាក់ពន្ធនាគារ ដើម្បីអាចឲ្យពួកគេចូលរួមអភិវឌ្ឍប្រទេសជាតិ។

លោកមាជ សុវណ្ណារ៉ាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៨ ខែសីហា ថា លោកនឹងបន្តធ្វើនយោបាយជាមួយគណបក្សសង្គ្រោះជាតិ ដោយប្រកួតប្រជែងគោលនយោបាយជាមួយគណបក្សកាន់អំណាច ដែលមានកូនៗរបស់លោក ហ៊ុន សែន ជាអ្នកថ្នាក់ដឹកនាំ ក៏ប៉ុន្តែនៅពេលនេះលោកត្រូវការ ដកឃ្លាសម្រាកនឹងវិលត្រឡប់ទៅសហរដ្ឋអាមេរិកដើម្បីជួបជុំគ្រួសាររបស់លោកមួយរយៈសិន។

លោកមាជ សុវណ្ណារ៉ា បន្ថែមថា លោកគ្រោងស្នើសុំចូលគាល់ព្រះមហាក្សត្រ ព្រមទាំងសុំជួបលោក ហ៊ុន សែន និងលោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីរៀបរាប់អំពើបញ្ហាពុករលួយដែលកើតមានឡើងក្នុងពន្ធនាគារព្រៃស។

លោកមាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១៣នាក់ផ្សេងទៀត ត្រូវបានដោះលែងចេញពីពន្ធនាគារព្រៃស បន្ទាប់ពីព្រះមហាក្សត្របង្គាប់ឲ្យលើកលែងទោសទៅតាមសំណើរបស់លោក ហ៊ុន សែន។

អ្នកទាំង១៤ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពី៧ដល់២០ឆ្នាំពីបទដឹកនាំកុបប្បកម្ម និងចូលរួមកុបក្បកម្មនៅក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស