វីដេអូ

លោកហ៊ុន សែនប្រកាសថា គ្មានថ្ងៃដោះលែងលោក កឹម សុខា នោះឡើយ

By ឌឹ ខេមបូឌា ដេលី

August 30, 2018

លោកហ៊ុន សែនប្រកាសថា គ្មានថ្ងៃដោះលែងលោក កឹម សុខា នោះឡើយ លោកហ៊ុន សែន កាលពីថ្ងៃពុធ បានប្រកាសដាច់ខាតមិនដោះលែង លោកកឹម សុខាឲ្យមានសេរីភាពនោះឡើយដោយសារទោសរបស់ លោកកឹម សុខាគឺជាទោសក្បត់ជាតិ។

ការប្រកាសរបស់លោកហ៊ុន សែនធ្វើឡើងនៅចំពោះមុខកម្មករជាង ១ម៉ឺននាក់ ក្នុងទីក្រុងភ្នំពេញថា គ្មានការដោះលែងលោក កឹម សុខា នៅថ្ងៃទី៣០ខែសីហានេះឡើយ។

ជាងនេះទៅទៀត លោកក៏បានគំរាមចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិផងដែរ ប្រសិនបើពួកគេហ៊ានទៅមុខពន្ធនាគារត្រពាំងផ្លុងដើម្បីចំាទទួលលោកកឹម សុខានោះ។

អ្នកវិភាគឯករាជ្យលោកគឹម សុខ ដែលទើបត្រូវបានរបបលោកហ៊ុន សែនដោះលែងឲ្យមានសេរីភាពឡើងវិញអះអាងថា លទ្ធភាពនៃការដោះលែងលោកកឹម សុខាមានសង្ឃឹមតិចណាស់ ដោយសារលោកកឹម សុខានៅរឹងរុះមិនព្រមបែកគ្នាពីលោកសម រង្ស៊ី។

ម្យ៉ាងទៀតបើលែងលោកកឹម សុខាគឺដូចជាសារភាពកំហុសថា ការចោទប្រកាន់ពីបទក្បត់ជាតិជាហេតុផលនយោបាយ ដោយសារ លោកហ៊ុន សែនខ្លាចបោះឆ្នោតចាញ់លោកកឹម សុខាកាលពីខែកក្កដា ឆ្នាំ២០១៨នោះមែន។

លោកកឹម សុខាត្រូវបានសមត្ថកិច្ចរបស់លោកហ៊ុន សែនសម្រុកចូលចាប់ខ្លួននៅក្នុងផ្ទះ ទាំងកណ្តាលយប់កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅតាមបញ្ជារបស់លោកហ៊ុន សែន ដែលចោទពីបទ ក្បត់ជាតិ៕