លោកហ៊ុន សែនព្រមានចាប់ខ្លួនលោកគឹម សុខ ដាក់ពន្ធនាគារម្តងទៀត ប្រសិនបើមិនសងលុយ៨រយលានរៀលដល់រូបលោក លោកហ៊ុន សែនបានព្រមានប្ដឹងលោកគឹម សុខដាក់ពន្ធនាគារវិញ ប្រសិនបើនៅតែហ៊ានរិះគន់របបដឹកនាំរបស់លោកទៀត។
លោកហ៊ុន សែនអះអាងថា លោកគឹម សុខ នៅមិនទាន់ផ្តល់ប្រាក់សំណងចំនួន៨០០លានរៀលស្មើនឹងប្រមាណ២០ម៉ឺនដុល្លារអាមេរិកឲ្យគណបក្សកាន់អំណាច ក្រោយចេញពីពន្ធនាគារនោះឡើយ។
ជាការឆ្លើយតបលោកគឹម សុខបានសរសេរនៅលើគណនីហ្វេសប៊ុក របស់លោកថា លោកគ្មានលុយសងលោកហ៊ុន សែននោះទេ គឺមានតែបេះដូងស្នេហាជាតិមួយប៉ុណ្ណោះ ហើយបើលោកហ៊ុន សែន ចង់បានបេះដូងរបស់លោកទៀតនោះ គឺមានតែបញ្ជាឲ្យសភាឯកបក្សថ្មីរបស់លោកធ្វើច្បាប់ថ្មីមួយដើម្បីវះកាត់យកបេះដូងរបស់លោកទៅ។
លោកគឹម សុខទើបត្រូវបានតុលាការនៃរបបលោកហ៊ុន សែនដោះលែងឲ្យមានសេរីភាពកាលពីថ្ងៃទី១៧ខែសីហាក្រោយពេលលោកជាប់ពន្ធនាគារ១៨ខែ ដោយសារតែលោកហ៊ុន សែនប្តឹងចោទប្រកាន់រូបលោកថា បានចោទគណបក្សប្រជាជនកម្ពុជាជាអ្នកនៅពីក្រោយនៃឃាតកម្មបាញ់សម្លាប់លោកបណ្ឌិតកែម ឡី។
លោកគឹម សុខ នៅជាប់ក្នុងសំណុំរឿងមួយទៀតពីចោទថា របបលោកហ៊ុន សែនជាអ្នកបង្កើតប្រព័ន្ធសម្លាប់មនុស្ស តែរកឃាតកមិនឃើញ។
ក្រុមសិទ្ធិមនុស្សក្នុងស្រុកនិយាយថា ការធ្វើទុក្ខបុកម្នេញមកលើលោក គឹម សុខ គឺជាការរឹតត្បិតលើសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ៕