38 C
Phnom Penh

តុលាការនឹងប្រកាសសាលក្រមសំណុំរឿងអ្នកកាសែតជនជាតិអូស្ត្រាលីនៅដំណាច់ខែសីហានេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការនឹងប្រកាសសាលក្រមសំណុំរឿងអ្នកកាសែតជនជាតិអូស្ត្រាលីនៅដំណាច់ខែសីហានេះ តុលាការក្រុងភ្នំពេញសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿងចារកម្មរបស់អ្នកកាសែតជនជាតិអូស្រ្តាលី លោកJames Ricketsonទៅថ្ងៃសុក្រទី៣១ ខែសីហាខាងមុខ។

តំណាងអយ្យការអមតុលាការក្រុងភ្នំពេញ លោកសៀង សុខ បានបន្ថែមបទចោទថ្មីមួយទៀតលើលោក James Ricketson គឺបទក្បត់ជាតិ និងបទចារកម្ម តាមមាត្រា៤៣៩នៃក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោកសឹង សែនករុណា ដែលបានតាមដានសវនាការកាលពីថ្ងៃពុធ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា តំណាងអយ្យការមិនត្រូវប្រើបទចោទថ្មីទៅលោក James Ricketson នោះឡើយ។

លោកបន្តថា ការឃុំខ្លួនកាសែតជនជាតិអូស្រ្តាលីរូបនេះជាង១ឆ្នាំកន្លងមកនេះ លោក James Ricketson បានប្រាប់អង្គជំនុំជម្រះថា លោកស្រឡាញ់ប្រទេសកម្ពុជា ហើយនឹងស្នាក់នៅកម្ពុជាបន្តទៀត ដើម្បីជួយដល់ពលរដ្ឋកម្ពុជាក្រីក្រ។

លោកសុំទោសជាថ្មីម្តងទៀត ប្រសិនបើការងារដែលលោកបានធ្វើកន្លងមកប៉ះពាល់ដល់មុខមាត់របស់រដ្ឋាភិបាលកម្ពុជា ប៉ុន្តែកិច្ចការទាំងនោះលោកធ្វើឡើងទៅតាមវិជ្ជាជីវៈប៉ុណ្ណោះ។

លោកJames Ricketson ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីខែមិថុនាឆ្នាំ២០១៧ ក្រោយពេលលោកបានថតវីដេអូសកម្មភាពឃោសនាការបោះឆ្នោតឃុំ សង្កាត់ របស់គណបក្សសង្គ្រោះជាតិក្នុងទីក្រុងភ្នំពេញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស