តុលាការនៃរបបលោកហ៊ុន សែនបន្ដឃុំខ្លួនលោកកឹម សុខា រយៈពេល៦ខែទៀត បន្ទាប់ពីលោក ហ៊ុន សែនបញ្ជាមិនឲ្យដោះលែង សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០សីហា បានសម្រេចបន្ដឃុំខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ៦ខែ ទៀតក្រោយពីលោកហ៊ុន សែនបញ្ជាដាច់ខាតមិនឲ្យមានការដោះលែង ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
មេធាវីការពារក្ដីឲ្យលោកកឹម សុខា នៅក្នុងសវនាការនៅពន្ធនាគារត្រពាំងផ្លុង លោកមេធាវី ផែង ហេងបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមមេធាវីរបស់លោកបានព្យាយាមស្នើសុំឲ្យមានការដោះលែង លោកកឹម សុខាឲ្យក្រៅឃុំបណ្ដោះអាសន្ន។
លោកបន្តថា ប្រសិនបើតុលាការអនុញ្ញាតឲ្យលោកកឹម សុខា បាននៅក្រៅឃុំបណ្ដោះអាសន្នមែននោះ ពួកគេនឹងមិនឲ្យលោកកឹម សុខា រត់គេចខ្លួនឡើយ ហើយធានាថា លោកកឹម សុខានឹងសហការគ្រប់នីតិវិធីរបស់ច្បាប់នៃរបបលោកហ៊ុន សែនទាំងអស់។
កាលពីថ្ងៃទី២៩សីហា លោកហ៊ុន សែនប្រកាសជាសាធារណៈថា គ្មានការដោះលែងលោកកឹម សុខាឲ្យនៅក្រៅឃុំនោះឡើយ។
លោកកឹម សុខាត្រូវបានសមត្ថកិច្ចរបស់លោក ហ៊ុន សែន សម្រុកចូលចាប់ខ្លួននៅក្នុងផ្ទះ ទាំងកណ្តាលយប់កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ តាមបញ្ជារបស់លោកហ៊ុន សែនដែលចោទពីបទ ក្បត់ជាតិ។
ក្រុមតំណាងរាស្រ្តរបស់អាមេរិកធ្លាប់ព្រមានហើយថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកកាន់តែមានភាពល្វីងជូរចត់ ក្រោយពេលរបបលោកហ៊ុន សែនចាប់ខ្លួនលោក កឹម សុខា និងរំលាយគណបក្សសង្គ្រោះជាតិរួចមក។
រហូតមកទល់ពេលនេះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតុន បានបង្កើនការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ដល់មន្រ្តីជាន់ខ្ពស់នៃរបបលោកហ៊ុន សែន ដែលបាននាំគ្នាសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕