ពលរដ្ឋខេត្តក្រចេះបារម្ភអំពីទឹកទន្លេមេគង្គនៅតែបន្តឡើងខ្លាំង ពលរដ្ឋខេត្តក្រចេះជាច្រើនកំពុងមានការបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង ខណៈដែលទឹកទន្លេមេគង្គ ខេត្តក្រចេះ បានកើនឡើងជាថ្មីលើសពីមុនបន្តិចម្ដងៗ ចាប់តាំងពីដើមខែកក្កដា មករហូតមកដល់រសៀលថ្ងៃទី៣១ខែសីហានេះ។
ក្រុមប្រជាពលរដ្ឋអះអាងថា ពួកគាត់កំពុងជួបផលលំបាកជាច្រើន ខណៈដែលទឹកជំនន់ បានលិចភូមិដ្ឋានរបស់ពួកគាត់ដែលបានបំផ្លាញដល់សត្វចិញ្ចឹម ប៉ះទង្គិចដល់របររកស៊ី និងការធ្វើដំណាំកសិកកម្មជាដើម។
ពួកគេអះអាងថា ទឹកទន្លេឆ្នាំនេះឡើង មានរយៈពេលយូរខុសពីឆ្នាំមុនៗ។
ទឹកបានឡើងអស់រយៈពេលជិត២ខែមកហើយស្រកបានតែ២ទៅ៣ថ្ងៃ ក៏ហក់ឡើងមកវិញលើសដើមទៅទៀត។
ក្រុមអាជ្ញាធរខេត្តក្រចេះអំពាវនាវឲ្យពលរដ្ឋត្រូវប្រុងប្រយ័ត្ន ខ្ពស់បំផុត ចំពោះសុខសុវត្ថិភាពផ្ទាល់ខ្លួន អ្នកជុំវិញខ្លួន និងសត្វពាហនៈ។
ជាពិសេសសុវត្ថិភាពកុមារតូចៗត្រូវមើលថែឲ្យនៅឆ្ងាយពីទឹក ត្រូវមានការរស់នៅស្អាត ហូបស្អាត និងមានអនាម័យ និងការពារប្រឆាំងសត្វដែលមានពិស។
សមត្ថកិច្ចខេត្តនេះលើកទឹកចិត្តឲ្យពលរដ្ឋត្រូវចេះរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត នៅពេលកើតមានគ្រោះថ្នាក់ ណាមួយកើតឡើងជាយថាហេតុ ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា។
របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយឲ្យដឹងថា ចាប់តាំងពីចុងខែកក្កដាមក គ្រោះទឹកជំនន់នៅទូទាំងប្រទេសបានសម្លាប់ជីវិតមនុស្សចំនួនជិត២០នាក់ ហើយមនុស្សជាង ៤ម៉ឺនគ្រួសារទៀតរងផលប៉ះពាល់ធ្ងន់ធ្ងរ៕