ក្រុមសិទ្ធិមនុស្សជំរុញឲ្យរបបយោធាថៃដោះលែងក្រុមជនភៀសខ្លួនដែលគេចពីការធ្វើបាបរបស់រដ្ឋាភិបាលវៀតណាម និងកម្ពុជា អង្គការសិទ្ធិមនុស្ស Human Rights Watchទាមទារឲ្យសមត្ថកិច្ចថៃដោះលែងក្រុមជនភៀសខ្លួន និងអ្នកសុំសិទ្ធិជ្រកកោននយោបាយជាជនជាតិដើមភាគម៉ុងតាញ៉ាដែលគេចខ្លួនពីប្រទេសវៀតណាម និងជនជាតិភាគតិចចារ៉ាយ ដែលគេចខ្លួនពីកម្ពុជា ចំនួន១៨១នាក់ជាបន្ទាន់។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watch លោកBrad Adams បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងរបស់អង្គការនេះ កាលពីថ្ងៃទី៣០ ខែសីហា ថា ជនជាតិដើមភាគតិចម៉ុងតាញ៉ាទាំងនោះភាគច្រើន បានទទួលឋានៈជាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិរួចទៅហើយ ប៉ុន្តែពួកគេត្រូវបានសមត្ថកិច្ចថៃបានចាប់ខ្លួនពួកគេកាលពីថ្ងៃទី២៨ ខែសីហាកន្លងទៅនេះនៅក្នុងខេត្តនន្ទបុរី ក្បែរក្រុងបាងកក ប្រទេសថៃ។
លោកBrad Adamsឲ្យដឹងថា ក្រុមម៉ុងតាញ៉ា និងជនជាតិភាគតិចចារ៉ាយទាំងនោះនឹងត្រូវទទួលទោសធ្ងន់ធ្ងរ ប្រសិនបើអាជ្ញាធរថៃបញ្ជូនពួកគេត្រឡប់ទៅប្រទេសវៀតណាម និងប្រទេសកម្ពុជាវិញ។
លោកបន្តថា អាជ្ញាធរថៃ មិនគួរបញ្ជូនពួកគេត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញនោះទេ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
ក្រុមជនជាតិដើមភាគតិចម៉ុងតាញ៉ា ទាំងនោះភាគច្រើនបានរត់គេចខ្លួនពីប្រទេសវៀតណាម ទៅកាន់ប្រទេសកម្ពុជានិងប្រទេសថៃដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា និងនយោបាយនៅក្នុងប្រទេសវៀតណាម៕