នាយករដ្ឋមន្រ្តីថ្មីរបស់អូស្រ្តាលីប្តេជ្ញាធ្វើអន្តរាគមន៍ឲ្យមានការដោះលែងលោក James Ricketson នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសអូស្រ្តាលីលោកScott Morrisonអះអាងថា រដ្ឋាភិបាលអូស្ត្រាលីនឹងគាំទ្រលោក James Ricketson ហើយប្តេជ្ញាអន្តរាគមន៍ឲ្យមានការដោះលែងអ្នកថតខ្សែភាពយន្តឯកសាររូបនេះថែមទៀត។
លោកបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃសុក្រម្សិលមិញថា លោក James Ricketson នឹងទទួលបានការគាំទ្រពីស្ថានកុងស៊ុល និងរដ្ឋាភិបាលនៃប្រទេសដទៃទៀត។
លោកបញ្ជាក់ថា ការដោះស្រាយករណីនេះគឺត្រូវធ្វើឡើងដោយស្ងប់ស្ងាត់ និងដោយផ្ទាល់ដើម្បីជួយពលរដ្ឋអូស្រ្តាលីរូបនេះឲ្យមានសេរីភាពឡើងវិញ។
លោក James Ricketson វ័យ៦៩ឆ្នាំ ដែលបានជាប់គុករយៈជាង១ឆ្នាំមកនេះ ត្រូវបានសមត្ថកិច្ចនៃរបបលោកហ៊ុន សែនចាប់ខ្លួនភ្លាមៗ កាលពីថ្ងៃទី៣ ខែមិថុនាឆ្នាំ២០១៧ ក្រោយពេលលោកបានប្រើប្រាស់ឧបករណ៍Droneដើម្បីថតវីដេអូអំពីសកម្មភាពឃោសនាបោះឆ្នោតឃុំសង្កាត់ របស់គណបក្សសង្គ្រោះជាតិ ក្នុងទីក្រុងភ្នំពេញ។
ក្រុមសិទ្ធិមនុស្សក្នុងស្រុកអះអាងថា ការសម្រេចផ្តន្ទាទោសឲ្យលោកJames Ricketsonជាប់គុករយៈពេល៦ឆ្នាំនេះ ធ្វើឡើងដោយមិនមានភ័ស្តុតាងជាក់លាក់បង្ហាញពីអំពើចារកម្មរបស់លោក នោះឡើយ។
ពួកគេសង្ឃឹមថា សាលាឧទ្ធរណ៍ អាចនឹងផ្តល់យុត្តិធម៌ជូនបុរសអូស្រ្តាលីរូបដើម្បីឱ្យលោកមានសេរីភាពអាចត្រឡប់ទៅជួបក្រុមគ្រួសាររបស់លោក និងបំពេញការងារវិជ្ជាជីវៈរបស់លោកជាអ្នកថតខ្សែភាពយន្តឯកសារឡើងវិញ៕