28 C
Phnom Penh

សមត្ថកិច្ចចាប់ខ្លួនបុរសឆ្នើមរបស់ទូរទស្សន៍ CNN លោកអាគីរ៉ាពីបទរក្សាទុកអាវុធខុសច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចចាប់ខ្លួនបុរសឆ្នើមរបស់ទូរទស្សន៍ CNN លោកអាគីរ៉ាពីបទរក្សាទុកអាវុធខុសច្បាប់ នគរបាលខេត្តសៀមរាបកាលពីថ្ងៃទី២៩ ខែសីហា បានឃាត់ខ្លួនអ្នកគ្រប់គ្រងសារមន្ទីរគ្រាប់មីនចំនួន៣នាក់ពីបទរក្សាទុកនូវអាវុធខុសច្បាប់និងបើកអង្គការសារមន្ទីរគ្រាប់មីនដោយគ្មានច្បាប់ទម្លាប់ ក្រោយពីមានអគ្គិភ័យមួយបានឆេះសារមន្ទីរគ្រាប់មីននេះកាលពីថ្ងៃទី២៧ខែសីហាកន្លងទៅ។

គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានដកស្រង់សម្តី លោក នល់ រ៉ុង នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាបចុះផ្សាយកាលពីថ្ងៃទី៣០ខែសីហាថា ជនសង្ស័យបីរូបដែលសមត្ថកិច្ចទើបចាប់ខ្លួនបាននោះ រួមមានឈ្មោះយឿន យក្ស ឬហៅថា អាគីរ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ ជាប្រធានអង្គការសារមន្ទីរគ្រាប់មីន ទី ឈ្មោះ អឿន យ៉ុន ភេទប្រុស អាយុ៥៤ឆ្នាំ ជាអនុប្រធានអង្គការ ហើយនឹង ឈ្មោះ ហ៊ាញ សុគន្ធា ភេទប្រុស អាយុ៣៩ឆ្នាំ ជាប្រធានប្រតិបត្តិនៃអង្គការសារមន្ទីរគ្រាប់មីននេះ។

មន្ត្រីជំនាញ នៃអង្គការស៊ីម៉ាក់ បានឲ្យដឹងថាគ្រឿងផ្ទុះដែលដកហូតនោះរួមមាន គ្រាប់បែកដៃចំនួន៩គ្រាប់ មីន៧២Aចំនួន១៥គ្រាប់ គ្រាប់កាំភ្លើងខ្លីចំនួន៣២៥គ្រាប់ ដងគ្រាប់បេចំនួន១ គ្រាប់កាំភ្លើងដៃចំនួន១០គីឡូក្រាម និងអាវុធយុទ្ធភ័ណ្ឌជាច្រើនទៀត។

សមត្ថកិច្ចឲ្យដឹងថា ក្រោយពេលប្រមូលគ្រឿងផ្ទុះទាំងអស់នោះហើយ មន្ត្រីជំនាញស៊ីម៉ាក់បានយកទៅកន្លែងមានសុវត្ថិភាព និងធ្វើការកម្ទេចចោល ហើយរីឯក្មេងៗនៅក្នុងអង្គការនេះចំនួន១៧នាក់ទៀតត្រូវបានមន្ទីរសង្គមកិច្ចខេត្តយកទៅចិញ្ចឹមបីបាច់ថែរក្សាបន្តនៅកន្លែងមានសុវត្ថិភាព។

ប្រធានអង្គការសារមន្ទីរគ្រាប់មីន លោក អាគីរ៉ា ធ្លាប់បានទទួលបានជ័យលាភីពីទូរទស្សន៍ CNN ជាបុរសឆ្នើមកាលពីឆ្នាំ២០១០ បន្ទាប់ពីលោកបានធ្វើការជាអ្នកស្ម័គ្រចិត្តដោះមីនរយៈពេលប្រហែល២០ឆ្នាំនៅកម្ពុជា៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស