មន្រ្តីជាន់ខ្ពស់របស់បក្សសង្គ្រោះជាតិម្នាក់បានបួសជាព្រះសង្ឃក្រោយពីរបបលោកហ៊ុន សែនដោះលែងឲ្យមានសេរីភាពឡើងវិញ មន្រ្តីខាងផ្នែកព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ និងជាអតីតប្រធានវិទ្យុខ្មែរប៉ុស្តិ៍ក្នុងសហរដ្ឋអាមេរិកដែលទើបត្រូវបានតុលាការនៃរបបក្រុងភ្នំពេញដោះលែងឲ្យមានសេរីភាពឡើងវិញនោះ បានសាងភ្នួសជាព្រះភិក្ខុសង្ឃហើយកាលពីថ្ងៃសៅរ៍ម្សិលមិញក្នុងវត្តដំណាក់ ក្នុងខេត្តសៀមរាប។
ព្រះភិក្ខុមាជ សុវណ្ណារ៉ា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ព្រះអង្គកាលពីថ្ងៃទី១ ខែកញ្ញាថា ការសាងភ្នួសជាព្រះសង្ឃនៅពេលនេះគឺដើម្បីទាមទារឲ្យមានការទម្លាក់ចុះនូវហិង្សានយោបាយ ហើយចាប់យកមេត្តាធម៌ ដោយបញ្ចប់នូវវប្បធម៌សម្លាប់ ចាប់ដាក់គុក និងការគំរាមកំហែងដល់អ្នកនយោបាយ ឬអ្នករិះគន់ឲ្យរត់ចោលស្រុក ជាដើម។
ព្រះតេជព្រះគុណមាជ សុវណ្ណារ៉ា ត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោស ក្នុងចំណោមសកម្មជនបក្សប្រឆាំង១៣នាក់ផ្សងទៀត កាលពីយប់ថ្ងៃទី២៨ ខែសីហា។
អ្នកទាំង១៤ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពី៧ដល់២០ឆ្នាំពីបទដឹកនាំកុប្បកម្ម និងចូលរួមកុប្បកម្មនៅក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤៕