អង្គការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិទាមទារឲ្យរបបលោកហ៊ុន សែនដោះលែងលោកកឹម សុខាដោយគ្មានលក្ខខណ្ឌ ក្រុមសិទ្ធិមនុស្សអន្តរជាតិ កាលពីថ្ងៃច័ន្ទ បានទាមទារឲ្យរបបក្រុងភ្នំពេញដោះលែងប្រធានគណបក្សសង្គ្រោះជាតិគឺលោកកឹម សុខាជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ ដែលបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី៣ ខែកញ្ញា បញ្ជាក់ថា លោក កឹម សុខា កំពុងត្រូវបានឃុំខ្លួនដោយមិនមានការជំនុះជម្រះក្តីរយៈពេលមួយឆ្នាំមកហើយ ហើយរបបលោកហ៊ុន សែនត្រូវតែដោះលែងប្រធានគណបក្សប្រឆាំងរូបនេះជាបន្ទាន់។
អង្គការសិទ្ធិមនុស្សអន្តរជាតិមួយនេះបន្តថា បន្ទាប់ពីចាប់ និងឃុំខ្លួនលោកកឹម សុខាដើម្បីរារាំងមិនឲ្យរូបលោកចូលរួមក្នុងការបោះឆ្នោតកាលពីពេលកន្លងទៅនោះ លោកហ៊ុន សែនបានបន្តឃុំខ្លួនលោកកឹម សុខាដើម្បីប្រើប្រាស់ជាថ្នូរក្នុងការប៉ុនប៉ង ឲ្យមានការចចាររកវិធីបញ្ចៀសការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិថែមទៀត។
រហូតមកទល់ពេលនេះ លោកកឹម សុខាត្រូវបានតុលាការនៃរបបលោកហ៊ុន សែនបដិសេធសំណើដោះលែងឲ្យនៅក្រៅឃុំចំនួន៥ដងមកហើយ។
ក្រុមមេធាវីរបស់លោកកឹម សុខានៅតែអះអាងថា លោកកឹម សុខា គ្មានកំហុសដូចការចោទប្រកាន់របស់តុលាការនោះឡើយ។
ចំណែកក្រុមអ្នកឃ្លាំមើលនិយាយថា ការឃុំខ្លួនលោកកឹម សុខាគឺដោយសារលោកហ៊ុន សែនខ្លាចបោះឆ្នោតចាញ់គណបក្សសង្គ្រោះជាតិ ហេតុដូច្នេះហើយបានជាលោកហ៊ុន សែនឃុំខ្លួនលោក កឹម សុខា និងរំលាយគណបក្សសង្គ្រោះជាតិថែមទៀត៕