កម្លាំងនគរបាលអន្ដោប្រវេសន៍ឃាត់ខ្លួនជនជាតិវៀតណាម១៥នាក់ ស្នាក់នៅខុសច្បាប់នៅភ្នំពេញ ក្រុមសមត្ថកិច្ចនៃនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៨នេះ បានឃាត់ខ្លួនជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ចំនួន១៥នាក់នៅ អគារស្នាក់នៅរបស់ជនបរទេសតាមហាងកាហ្វេ និងផ្ទះជួលស្ថិតផ្លូវលេខ៣៦៩ ភូមិច្រាំងបាក់សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីលាបានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ប្រតិបត្តិការកាលពីថ្ងៃអង្គារបានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ស្ថិតក្រោមការសម្របសម្រួលពីលោកសៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោកបន្តថា ក្នុងចំណោមជនជាតិវៀតណាមទាំង១៥នាក់នោះ មានស្រីចំនួន ៦នាក់ បានលួចឆ្លងដែនចូលមកស្នាក់នៅ និងកំពុងកាន់កាប់ប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី។
លោកអ៊ុក ហៃសីលាបន្តថា ក្រោយឃាត់ខ្លួន ក្រុមប្រតិបត្តិការបាននាំខ្លួនជនជាតិវៀតណាមទាំង១៥នាក់នោះទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីបន្ត៕