លោកសម រង្ស៊ីជំរុញឲ្យព្រឹទ្ធសភាអាមេរិកអនុម័តសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មដល់របបលោកហ៊ុន សែន លោកសម រង្ស៊ី កាលពីថ្ងៃទី៤ខែកញ្ញាបានជំរុញឲ្យស្ថាប័ននីតិបញ្ញត្តិរបស់សហរដ្ឋអាមេរិកពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ ចំនួនពីរដើម្បីដាក់ទណ្ឌកម្មរបបលោកហ៊ុន សែនឲ្យកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យរបបមួយនេះងាកមករកគន្លងប្រជាធិបតេយ្យឡើងវិញ។
លោកសមរង្ស៊ីបានឲ្យដឹងនៅក្រោយជំនួបរបស់លោកជាមួយលោកJerry Arteagaដែលជាតំណាងរបស់សមាជិកព្រឹទ្ធសភាលោកRichard Burrពីរដ្ឋNorth Carolinaថា ព្រឹទ្ធសភាអាមេរិកអាច នឹងដាក់បញ្ចូលសេចក្តីព្រាងច្បាប់ទាំងពីរនោះទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំពេញអង្គរបស់ព្រឹទ្ធសភាទាំងមូលនៅខែតុលា ឬខែវិច្ឆិកាខាងមុខនេះ។
សេចក្តីព្រាងច្បាប់ទាំងពីរដែលលោកសមរង្ស៊ី ជំរុញឲ្យសមាជិកព្រឹទ្ធសភាអនុម័តដាក់ទណ្ឌកម្មលើរបបលោកហ៊ុន សែននោះរួមមាន សេចក្តីព្រាងច្បាប់S. 2412ស្តីពីការទទួលខុសត្រូវ និងការវិនិយោគទុននៅកម្ពុជាដែលបង្កើតឡើងដោយអតីតសមាជិកព្រឹទ្ធសភាលោកJohn McCain និងសេចក្តីព្រាងច្បាប់លេខH.R 5754ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា២០១៨ ដែលបង្កើតឡើងដោយសមាជិករដ្ឋសភាអាមេរិកលោកTed Yoho និងលោកAlan Lowenthal។
ក្រៅពីជួបក្រុមតំណាងរាស្រ្តរបស់អាមេរិកហើយ លោកសម រង្ស៊ីអះអាងថាលោកក៏មានគម្រោងជួបមន្រ្តីសំខាន់ៗ នៃការិយាល័យអង្គការសហប្រជាជាតិ នៅមុនលោកហ៊ុន សែនធ្វើដំណើរមកចូលរួមមហាសន្និបាតអង្គការនេះនៅចុងខែកញ្ញាខាងមុខ៕