លោកហ៊ុន សែនអះអាងថា លោកមិនអាចផ្លាស់ប្តូររដ្ឋមន្រ្តីដែលខិតខំ ជួយឲ្យរបបរបស់លោកបន្តកាន់កាប់អំណាចទៅមុខទៀតនោះឡើយ លោកហ៊ុន សែន កាលពីថ្ងៃសុក្រអះអាងថា ការមិនបានផ្លាស់ប្តូររដ្ឋមន្រ្តីជិត៣០ក្រសួង ក្រោយការបង្កើតរដ្ឋាភិបាលថ្មីរបស់លោកនោះ គឺជាការត្រឹមត្រូវ។
លោកបន្តថា ការប្តូរមនុស្ស គឺស្មើនឹងការសម្លាប់ខ្លួន ឯង។
ការអះអាងរបស់លោកហ៊ុន សែនធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គលើកដំបូងរបស់គណៈរដ្ឋមន្រ្តី អាណត្តិទី៦ របស់លោកកាលពីម្សិល ម៉ិញ។
លោកបញ្ជាក់ថា ប្រសិនបើទទួលជោគជ័យ ហើយបែរជានាំគ្នាបោះបង់ចោលមន្រ្តីដែលខិតខំប្រយុទ្ធដើម្បីយកឈ្នះ នេះតើ ហ៊ុន សែន អគុណធម៌អ្វីទៅ? លោកបន្តថា អ្វីដែលសំខាន់បំផុតនោះគឺ ខ្លឹមសារនៃការងារនិងប្រសិទ្ធភាពនៃការងារទៅវិញទេ។
គណៈរដ្ឋមន្ត្រីដែលបន្តស្ថិតក្រោមការដឹកនាំរបស់លោក ហ៊ុន សែនមានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ទេសរដ្ឋមន្ត្រី១៧រូប និងរដ្ឋមន្ត្រីចំនួន២៩រូប និងមានការបញ្ចូលសមាសភាពថ្មីនៃតំណែងឧបនាយករដ្ឋមន្ត្រី ហើយបានបង្កើនចំនួនរដ្ឋមន្ត្រីមួយរូបផងដែរ។
ក្រុមអ្នកវិភាគនិយាយថា ដើម្បីឲ្យការដឹកនាំរដ្ឋាភិបាលមានប្រសិទ្ធភាព មេដឹកនាំត្រូវក្លាហានក្នុងការដោះដូរមន្រ្តីដែលអសកម្មចោល ស្របតាមឆន្ទៈរាស្រ្ត៕