ក្រសួងអប់រំប្រកាសលទ្ធផលប្រឡងបាក់ឌុប នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែកញ្ញានេះ ក្រសួងអប់រំយុវជន និងកីឡាធ្វើការប្រកាសលទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសម្រាប់ឆ្នាំ២០១៨ នៅថ្ងៃអាទិត្យទី៩ខែកញ្ញានេះសម្រាប់មណ្ឌលប្រឡងក្នុងទីក្រុងភ្នំពេញ និងនៅខេត្តកណ្ដាល ហើយចំណែកមណ្ឌលប្រឡងនៅតាមបណ្ដាខេត្តផ្សេងៗទៀតនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃច័ន្ទទី១០ ខែកញ្ញាខាងមុខ។
កាលពីថ្ងៃទី៦កញ្ញា ក្រសួងអប់រំបានប្រកាសថា ការប្រកាសលទ្ធផលមុនកាលបរិច្ឆេទ ដែលកំណត់យកថ្ងៃទី១១ និងទី១២ ខែកញ្ញា ត្រូវបានប្ដូរមកថ្ងៃទី៩ និងទី១០កញ្ញាវិញហើយ ដោយសារដំណើរការកែសំណៅប្រឡងការបូកពិន្ទុនឹងការផ្ទៀងផ្ទាត់តាមប្រព័ន្ធកុំព្យូទ័រ ប្រព្រឹត្តទៅដោយរលូនប្រកបដោយការយកចិត្តទុកដាក់និងការទទួលខុសត្រូវខ្ពស់ពីសំណាក់ប្រធាន និងអនុប្រធានគណៈកម្មការប្រឡងរបស់ក្រសួងអប់រំ។
បេក្ខជនដែលចូលរួមប្រឡងបាក់ឌុបឆ្នាំនេះ មានចំនួន ១សែននាក់ ក្នុងនោះមានសិស្សស្រីជិត៦ម៉ឺននាក់ ហើយបេក្ខជនដែលអវត្តមានក្នុងពេលប្រឡងមានចំនួនជិត២ពាន់នាក់។
របាយការណ៍របស់ក្រសួងអប់រំបានឲ្យដឹងថា បេក្ខជនដែលមានបញ្ហាសុខភាពក្នុងពេលប្រឡងមានចំនួន៦៤នាក់ ក្នុងនោះ ៥នាក់អាចវិលទៅប្រឡងវិញ ហើយ រីឯបេក្ខជនដែលមានកំហុសឆ្គងមានចំនួន ៧ករណី ក្នុងនោះសិស្ស៥នាក់បានយកទូរស័ព្ទ ហើយ២នាក់ទៀតបានយកឯកសារចូលក្នុងបន្ទប់ប្រឡង៕