ភ្នាក់ងាររបស់អង្គការសហប្រជាជាតិជំរុញឲ្យរបបលោកហ៊ុន សែនស្តារប្រជាធិបតេយ្យឡើងវិញ ប្រធានឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិលោកស្រីMichelle Bachelet កាលពីថ្ងៃទី១០ ខែកញ្ញា បានសម្តែងការស្វាគមន៍ចំពោះការដោះលែង លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានជំរុញឲ្យលោកហ៊ុន សែនទម្លាក់ចោល រាល់បទចោទប្រកាន់ប្រឆាំងនឹងលោកកឹម សុខា និងបទចោទប្រកាន់ទាំងឡាយប្រឆាំងអ្នកទោសនយោបាយ សកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ហើយជាពិសេសទៅទៀតនេះគឺបញ្ឈប់រាល់ទម្រង់នៃការធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្នុងការអនុវត្តសិទ្ធិប្រចាំថ្ងៃ និងជីវភាពនយោបាយ។
សេចក្តីថ្លែងការណ៍របស់ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១០ខែកញ្ញាបានដកស្រង់សម្តីលោកស្រី Michelle Bachelet ចុះផ្សាយជាសាធារណៈថា ការរំលោភសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយកំពុងប៉ះទង្គិចធ្ងន់ធ្ងរដល់ភាពប្រសើរឡើងនៃការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសកម្ពុជា។
លោកស្រីបានព្រមានរបបលោកហ៊ុន សែនថា ការអភិវឌ្ឍប្រកបដោយចីរភាព អាចកើតមានទៅបាន លុះត្រាតែអាជ្ញាធរត្រូវធ្វើការការពារ និងផ្តល់សិទ្ធិសេរីភាពពេញលេញដល់អង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងក្រុមបក្សប្រឆាំង៕