ក្រុមសិទ្ធិមនុស្សអន្តរជាតិទាមទារឱ្យរបបក្រុងភ្នំពេញទម្លាក់ចោលបទចោទប្រកាន់លើប្រធានគណបក្សសង្គ្រោះជាតិ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watch ចាត់ទុកការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីរៀលថ្ងៃទី៩ ខែកញ្ញាថា មិនបានផ្តល់យុត្តិធម៌អ្វីដល់លោកកឹម សុខានោះឡើយ។
អង្គការការពារសិទ្ធិមនុស្សអន្តរជាតិមួយនេះទាមទារឲ្យរបបលោកហ៊ុន សែនទម្លាក់ចោលការចោទប្រកាន់ទាំងឡាយដែលពួកគេប្រតិដ្ឋធ្វើឡើងប្រឆាំង លោកកឹម សុខាហើយឲ្យលោកកឹម សុខាមានសេរីភាពដូចពលរដ្ឋសាមញ្ញ និងអាចចូលរួមឆាកនយោបាយឡើងវិញ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch គឺលោកPhil Robertson បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថា លោកកឹម សុខាមិនគួរត្រូវបានចាប់ខ្លួននោះទេចំពោះការចោទប្រកាន់ពីបទបដិវត្តន៍ពណ៌នោះ។
លោកបន្តថា ការចោទប្រកាន់ពីបទ«បដិវត្តន៍ពណ៌»គឺជាលេសនយោបាយមួយ ដែលបក្សកាន់អំណាចប្រតិដ្ឋឡើង ដើម្បីរំលាយបក្សប្រឆាំង ធ្វើទុក្ខបុកម្នេញសង្គមស៊ីវិល និងយកឈ្នះក្នុងការបោះឆ្នោតក្លែងក្លាយ។
លោកបន្តថា ការលើកហេតុផលអំពីបញ្ហាសុខភាពក្នុងការដោះលែងលោកកឹម សុខាឲ្យនៅក្រៅឃុំបណ្តោះអាសន្ននោះមិនមែនជាជម្រើសនោះឡើយ។
មន្រ្តីជាន់ខ្ពស់របស់អង្គការការពារសិទ្ធិមនុស្សរូបនេះអះអាងថា ប្រសិនបើលោកហ៊ុន សែនបន្តឃុំខ្លួនលោកកឹម សុខា តទៅទៀត នោះរបបរបស់លោកនឹងត្រូវរងទណ្ឌកម្មធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ។
លោក Phil Robertsonបញ្ជាក់ថា ដើម្បីឲ្យលោកកឹម សុខាទទួលបានយុត្តិធម៌ពិតប្រាកដ លុះត្រាតែលោក ហ៊ុន សែនទម្លាក់ចោលបទចោទលើលោក កឹម សុខា ស្តារនីតិសម្បទាគណបក្សសង្គ្រោះជាតិឡើងវិញ ហើយផ្តល់សិទ្ធិធ្វើនយោបាយដល់ថ្នាក់ដឹកនាំគណបក្សនេះចំនួន១១៨ ឱ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ៕