អាល្លឺម៉ង់សាទរចំពោះរដ្ឋាភិបាលថ្មីរបស់លោកហ៊ុន សែន លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel កាលពីថ្ងៃអាទិត្យកន្លងទៅនេះបានផ្ញើលិខិត អបអរសាទរលោក ហ៊ុន សែន ចំពោះជោគជ័យរបស់លោក នៅក្នុងការបោះឆ្នោតអាណត្តិទី៦។
លោកស្រីបន្តថា កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ និងកម្ពុជាបានឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលចែងពីការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ។
នេះគឺជាលិខិតទី១របស់ប្រទេសលោកសេរីដែលបានអបអរសាទរដល់របបថ្មីរបស់លោកហ៊ុន សែនដែលធ្វើឡើងមួយថ្ងៃមុនរបបក្រុងភ្នំពេញដោះលែងប្រធានគណបក្សសង្គ្រោះជាតិគឺលោកកឹម សុខា។
លិខិតរបស់លោកស្រីAngela Merkelសរសេរថា ពលរដ្ឋរបស់ប្រទេសទាំងពីរមានទំនាក់ទំនងល្អជាមួយគ្នា ហើយមិត្តភាពរវាងប្រទេសទាំង២ បង្កើតឡើងនៅក្នុងកិច្ចសហប្រតិបត្តិការផ្អែកលើមូលដ្ឋានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលចែងពីការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងគោលការណ៍ប្រជាធិបតេយ្យ។
ក្រុមអ្នកវិភាគនិយាយថា លិខិតរបស់លោកស្រីអធិការបតីAngela Merkel គឺជាលិខិតមួយដែលក្រើន រំឭកលោក ហ៊ុន សែនអំពីឆន្ទៈនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីសដែលជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងរវាង អាល្លឺម៉ង់ និងកម្ពុជា៕