សហគមន៍ខ្មែរក្នុងសហរដ្ឋអាមេរិកគ្រោងធ្វើបាតុកម្មនៅមុខអង្គការសហប្រជាជាតិទាមទារឲ្យបញ្ឈប់ការឃុំខ្លួនលោកកឹម សុខា ក្នុងផ្ទះ ពលរដ្ឋខ្មែររាប់រយនាក់មកពីតាមបណ្តារដ្ឋជាច្រើនក្នុងសហរដ្ឋ អាមេរិកនឹងនាំគ្នាធ្វើបាតុកម្មនៅខាងមុខទីស្នាក់ការធំ របស់អង្គការសហប្រជាជាតិក្នុងបុរីញូវយ៉ក នៅថ្ងៃទី២៩ ខែកញ្ញាខាងមុខដើម្បី ទាមទារឲ្យអង្គការអន្តរជាតិដ៏កំពូលមួយនេះដាក់សម្ពាធដល់របប លោកហ៊ុន សែនបញ្ឈប់ការឃុំខ្លួនលោកកឹម សុខា ក្នុងផ្ទះហើយទម្លាក់ចោលបទចោទប្រកាន់ប្រធានគណបក្សប្រឆាំងដ៏ធំមួយនេះ ដោយគ្មានលក្ខខណ្ឌ។
បាតុកម្មរបស់ពលរដ្ឋខ្មែរក្នុងសហរដ្ឋអាមេរិកនៅមុខអង្គការសហប្រជាជាតិនៅពេលនោះនឹងធ្វើឡើងស្របពេលដែលលោកហ៊ុន សែន មកចូលរួមមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ហើយអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោកសមរង្ស៊ី ក៏គ្រោងចូលរួមប្រជុំនៅពេលនោះដែរ។
ជាងនេះទៅទៀត ពួកគេក៏ទាមទារឲ្យស្ថាប័ន អង្គការសហប្រជាជាតិធ្វើអន្តរាគមន៍ឲ្យមានការស្តារនីតិសម្បទាគណបក្សសង្គ្រោះជាតិ ហើយអនុញ្ញាតឲ្យមន្រ្តីរបស់គណបក្សនេះចំនួន១១៨ មានសិទ្ធិធ្វើនយោបាយក្នុងប្រទេសរបស់ខ្លួនឡើងវិញ។
ទោះបីជារបបលោកហ៊ុន សែនបានដោះលែងលោក កឹម សុខាចេញពីពន្ធនាគារកាលពីរសៀលថ្ងៃទី៩ ខែកញ្ញាក៏ដោយ ក៏ប៉ុន្តែរបបនេះនៅតែបិទសិទ្ធិសេរីភាពលោកកឹម សុខានៅឡើយ។
សមត្ថកិច្ចនៃរបបក្រុងភ្នំពេញបានហាមគ្រប់សកម្មភាពនយោបាយ និងការជួបប្រជុំគ្រប់បែបយ៉ាងរបស់លោកកឹម សុខាជាពិសេសគឺមិនអាចអនុញ្ញាតឲ្យលោកចាកចេញពីប្លុកដែលលោករស់នៅនោះឡើយ។
តុលាការអនុញ្ញាតឱ្យលោកស្ថិតនៅក្នុងផ្ទះរបស់លោកក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក ប៉ុន្តែហាមមិនឱ្យលោកចេញពីព្រំដែនដែលខណ្ឌដោយផ្លូវលេខ៣១៣ ផ្លូវ៣១១ និងផ្លូវលេខ៦០៨ នោះឡើយ៕