សភាពេញអង្គរបស់សហភាពអឺរ៉ុបនឹងបើកកិច្ចប្រជុំពេញអង្គពិចារណា លើការដាក់ទណ្ឌកម្មដល់របបក្រុងភ្នំពេញ សភាសហភាពអឺរ៉ុបកាលពីថ្ងៃព្រសហ្បតិ៍ទី១៣ខែកញ្ញា បានសម្រេចដាក់បញ្ហារំលោភសិទ្ធិមនុស្ស ការបំផ្លាញប្រជាធិបតេយ្យ និងការឃុំខ្លួនលោក កឹម សុខាក្នុងផ្ទះជារបៀបវារៈនៃកិច្ចប្រជុំសភាពេញអង្គ។
ជាងនេះទៅទៀត សភាអឺរ៉ុបក៏បានទទួលយកសេចក្តីសម្រេចទាមទារ ឲ្យមានការទម្លាក់ចោលការចោទប្រកាន់លោកកឹម សុខា និងការទាមទារឲ្យមានការដាក់ទណ្ឌកម្មដល់របបលោក ហ៊ុន សែនឲ្យងាកមកស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
កន្លងមកសភាអឺរ៉ុបបានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់មិនទទួលស្គាល់ការបោះឆ្នោតកាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨នោះឡើយ ដោយពួកគេចាត់ទុកថា ការបោះឆ្នោតនោះធ្វើឡើងដោយអវត្តមានគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។
កន្លងមកសហភាពអឺរ៉ុបបានបញ្ជូនគណៈប្រតិភូស្វែងរកការណ៍ពិតមួយក្រុមនៅកម្ពុជា កាលពីខែកក្កដាឆ្នាំ២០១៨ដើម្បីធ្វើការវាយតម្លៃអំពីស្ថានភាពពិតនៅកម្ពុជា។
សហភាពអឺរ៉ុបធ្លាប់ព្រមានហើយថា ប្រសិនបើរបបលោកហ៊ុន សែន មិនព្រមកែប្រែស្ថានការណ៍នយោបាយរបស់កម្ពុជាឲ្យមានភាពប្រក្រតីឡើងវិញទេ នោះសហភាពអឺរ៉ុបនឹងពិចារណាដកប្រព័ន្ធអនុគ្រោះពន្ធលើផលិតផលគ្រប់ប្រភេទរបស់កម្ពុជាដែលនាំចូលមកលក់ក្នុងទីផ្សារអឺរ៉ុប ហើយបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិរបស់បុគ្គលទាំងឡាយណាដែលបានសម្លាប់លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕