34 C
Phnom Penh

បេសកជនរបស់លោកហ៊ុន សែនប្រចាំនៅអឺរ៉ុប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បេសកជនរបស់លោកហ៊ុន សែនប្រចាំនៅអឺរ៉ុបចាត់ទុកការសម្រេចរបស់សភាអឺរ៉ុបឱ្យស្តារប្រជាធិបតេយ្យកម្ពុជាថា មានស្តង់ដារពីរ បេសកជនពិសេសនៃរបបលោកហ៊ុន សែនប្រចាំនៅសហភាពអឺរ៉ុបចាត់ទុកសេចក្តីសម្រេចរបស់សភាអឺរ៉ុបដែលទាមទារឲ្យរបបក្រុងភ្នំពេញស្តារប្រជាធិបតេយ្យឡើងវិញនោះថា ធ្វើឡើងដោយ លម្អៀង និងមានស្តង់ដារពីរ ហើយថាសេចក្តីសម្រេចទាំងនោះមានចរិតនយោបាយតាមការញុះញង់របស់មហាអំណាចបរទេស និងគណបក្សប្រឆាំង។

សេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មកម្ពុជាប្រចាំសហភាពអឺរ៉ុប បានចាត់ទុកសេចក្តីសម្រេចរបស់សភាអឺរ៉ុបកាលពីថ្ងៃទី១៣ ខែកញ្ញាថា ធ្វើឡើងតាមការចង្អុលបង្ហាញរបស់គណបក្សប្រឆាំង ដែលមិនបានផ្តល់តម្លៃដល់គំនិតប្រជាធិបតេយ្យតាមបែបកម្ពុជាឡើយ។

ក្រុមអ្នកវិភាគនិយាយថា សេចក្តីសម្រេចរបស់សភាអឺរ៉ុបគឺដើម្បីផលប្រយោជន៍របស់ពលរដ្ឋខ្មែរទូទៅ ហើយលោកហ៊ុន សែនត្រូវតែដោះស្រាយបញ្ហានេះជូនពលរដ្ឋរបស់ខ្លួនដើម្បីបញ្ជៀសការដាក់ទណ្ឌកម្មសេដ្ឋកិច្ចណាមួយដែលនឹងអាចកើតឡើងនោះ។

កាលពីថ្ងៃទី១៣កញ្ញា កន្លងទៅ សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចរបស់ខ្លួន ទាមទារឲ្យរបបក្រុងភ្នំពេញទម្លាក់ចោលរាល់បទចោទប្រកាន់លោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ ហើយទាមទារឲ្យមានការដោះលែងរូបលោកពីការឃុំឃាំងក្នុងផ្ទះដើម្បីឲ្យលោកមានសេរីភាព ហើយអាចចូលរួមក្នុងជីវភាពនយោបាយឡើងវិញ។

ជាងនេះទៅទៀតសភាអឺរ៉ុបក៏បានស្នើឲ្យគណៈកម្មាការអឺរ៉ុប រៀបចំបញ្ជីឈ្មោះបុគ្គល ដែលបានចូលដៃចូលជើងក្នុងការរំលាយគណបក្ស សង្គ្រោះជាតិ និងអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ដើម្បីប្រើវិធានក្តៅក្នុងការបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិរបស់ជនទាំងនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស