កម្ពុជា និងឡាវស្នើឲ្យបារាំងផ្តល់ផែនទីដើម្បីបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវបានព្រមព្រៀងគ្នាស្នើឲ្យរដ្ឋាភិបាលបារាំងផ្ដល់ឯកសារផែនទី កំណត់បង្គោលព្រំដែនក្នុងខេត្តស្ទឹងត្រែង និងព្រះវិហារដែលនៅសេសសល់ជាង១៤% ដែលកំពុងបង្កឲ្យមានភាពចម្រូងចម្រាសរវាងប្រទេសទាំងពីរ។
គណៈកម្មាធិការព្រំដែនរបស់រដ្ឋាភិបាលកម្ពុជាឲ្យដឹងថា ភាគីកម្ពុជា និងឡាវនៅមិនទាន់ឯកភាពគ្នាលើបញ្ហាបច្ចេកទេស ក្នុងការប្រើប្រាស់ផែនទីពីប្រទេសបារាំងនៅឡើយទេ។
លោកវ៉ា គឹមហុងបានប្រាប់ក្រុមអ្នកសារព័ត៌មានថា តំបន់ដែលនៅសេសសល់ហើយមិនទាន់ឯកភាពគ្នាបោះបង្គោលព្រំដែនគឺភាគីប្រទេសទាំងពីរបានយល់ព្រមក្នុងការស្នើទៅរដ្ឋាភិបាលបារាំង ឲ្យផ្ទេរផែនទីមួយចំនួនដើម្បីកំណត់បង្គោលព្រំដែនឲ្យចប់សព្វគ្រប់។
បច្ចុប្បន្នកម្ពុជាបានបោះបង្គោលព្រំដែនសម្រេចបាន៨៦% ហើយនៅសល់ជាង១៤% ទៀតប៉ុណ្ណោះដែលនៅមានភាពរាំងស្ទះជាយូរឆ្នាំមកហើយ។
លោកវ៉ា គឹមហុងអះអាងថា តំបន់ដែលនៅសេសសល់មិនទាន់បោះរួចនោះគឺស្ថិតក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារដែលនៅសល់១២១ បង្គោលទៀត។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា និងឡាវបានសម្រេចដកកងទ័ពចេញពីតំបន់មានជម្លោះរវាងប្រទេសទាំងពីរផ្អែកលើលក្ខខណ្ឌចំនួន៣ចំណុចគឺមិនត្រូវមានកងទ័ពក្នុងតំបន់មានជម្លោះ មិនត្រូវអនុញ្ញាតអោយប្រជាជនមករស់នៅក្នុងតំបន់មានជម្លោះ ហើយភាគី ប្រទេសទាំងពីរនឹងធ្វើការល្បាតរួមគ្នានៅក្នុងតំបន់មានជម្លោះ៕