តុលាការក្រុងភ្នំពេញនឹងប្រកាសសាលក្រមសំណុំរឿង អ្នកការពារសិទ្ធិមនុស្សអាដហុកទាំងប្រាំរូបនៅចុងខែកញ្ញា សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមសំណុំរឿងរបស់អ្នកការពារសិទ្ធិមនុស្សនៃសមាគមអាដហុកចំនួន៤នាក់ និងមន្ត្រីគ.ជ.ប.ម្នាក់ពីបទសូកប៉ាន់សាក្សី នៅថ្ងៃទី២៦កញ្ញាខាងមុខ។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុកគឺលោកស៊ឹង សែន ករុណា ដែលបានចូលរួមឃ្លាំមើលសវនាការនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា បើទោះបីអ្នកទាំង៥បានបង្ហាញពីភាពស្អាតស្អំ ក្នុងវិជ្ជាជីវៈជាអ្នកការពារសិទ្ធិមនុស្សយ៉ាងណាក៏ដោយ ប៉ុន្តែចៅក្រម និងព្រះរាជអាជ្ញាហាក់ព្យាយាមដាក់បន្ទុកលើអ្នកទាំង៥ថែមទៀត។
លោកបន្តថា សវនាការនេះមិនមានវត្តមានរបស់តួអង្គសំខាន់២នាក់ គឺកញ្ញាខុម ចាន់តារាទីហៅស្រីមុំ និងអ្នកស្រីទ្រី ឈួន ដែលជាមេធាវីក្នុង សំណុំរឿងនេះ។
ក្រុមមន្រ្តីសមាគមអាដហុកចំនួន៤រូបរួមមានលោកនី សុខា លោកយី សុខសាន្ត លោកណៃ វង់ដា អ្នកស្រីលឹម មុនី និងអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមា្នក់ទៀតគឺលោកនី ចរិយាត្រូវបានតុលាការចោទប្រកាន់ដ៏គួរឲ្យឆ្ងល់ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីក្នុងសំណុំរឿងអាស្រូវស្នេហាត្រីកោណរវាងលោកកឹម សុខាជាមួយកញ្ញាខុម ចាន់ដារ៉ាទីហៅស្រីមុំកាលពីឆ្នាំ២០១៦។
អ្នកទាំង៥ត្រូវបានតុលាការ ឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារអស់រយៈពេលជាង ១ឆ្នាំ មុននឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ កាលពីចុងខែមិថុនាឆ្នាំ២០១៧កន្លងទៅ។
ក្រុមសិទ្ធិមនុស្សអន្តរជាតិចាត់ទុកការប្រើប្រាស់ប្រព័ន្ធតុលាការមកលើអ្នកទាំង៥នេះថា ធ្វើឡើងក្នុងហេតុផលនយោបាយ ហើយទាមទារឲ្យតុលាការនៃរបបលោកហ៊ុន សែនទម្លាក់ចោលការចោទប្រកាន់លើពួកគេ៕