តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិប្រតិកម្ម សហភាពអឺរ៉ុប ដែលរិះគន់បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិបានប្រតិកម្មជាខ្លាំងទៅនឹងសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបអំពីបញ្ហានយោបាយនៅកម្ពុជា។
លោកណី សំអុល ដែលជាតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី១៨ ខែកញ្ញាបានរិះគន់ថា សេចក្ដីសម្រេចរបស់សភាអឺរ៉ុបនៅទីក្រុងប្រ៊ុសសែល ស្ដីពីកម្ពុជាជាការរំលោភបំពានលើវិធានជាមូលដ្ឋានរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីរិះគន់អំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។
សេចក្តីថ្លែងការណ៍របស់លោកណី សំអុលឲ្យដឹងថា កម្ពុជាមិនបានទាមទារសុំឲ្យរួចផុតពីការរិះគន់នោះទេ ប៉ុន្តែគប្បីធ្វើឡើងនៅក្នុងវេទិកាដ៏សមស្រប។
លោកណី សំអុលបន្តថា កម្ពុជាតែងប្ដេជ្ញាចិត្តខ្ពស់ក្នុងការកាន់ខ្ជាប់នូវការលើកកម្ពស់កិច្ចការពារ និងគោរពសិទ្ធិមនុស្ស ដោយកាន់យកនូវគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដ និងគោរពតាមគោលការណ៍នីតិរដ្ឋ។
លោកក៏បានអំពាវនាវដល់ប្រតិភូសហភាពអឺរ៉ុប គោរពតាមការអនុវត្តរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សទាំងមូល។
កាលពីសប្តាហ៍កន្លងទៅ សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចរបស់ខ្លួន ទាមទារឲ្យរបបក្រុងភ្នំពេញទម្លាក់ចោលរាល់បទចោទប្រកាន់ មកលើលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ហើយទាមទារឲ្យមានការដោះលែងរូបលោកពីការឃុំឃាំងក្នុងផ្ទះដើម្បីឲ្យមានសេរីភាព ហើយអាចចូលរួមក្នុងជីវភាពនយោបាយ ឡើងវិញ។
ជាងនេះទៅទៀត សភាអឺរ៉ុបក៏បានស្នើឲ្យគណៈកម្មាការអឺរ៉ុប រៀបចំបញ្ជីឈ្មោះបុគ្គល ដែលបានចូលដៃចូលជើងក្នុងការរំលាយគណបក្សសង្គ្រោះជាតិនិងអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជាដើម្បីប្រើវិធានក្តៅក្នុងការបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិរបស់ជនទាំងនោះ៕