អ្នកច្បាប់ថា របបលោកហ៊ុន សែនចង់ធ្វើច្បាប់ឃុំខ្លួនមនុស្សក្នុងផ្ទះ លោកហ៊ុន សែនកាលពីថ្ងៃទី១៩ ខែកញ្ញាអះអាងថា លោកនឹងស្វែង រកលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតច្បាប់ឃុំខ្លួនមនុស្សក្នុងផ្ទះ។
ប៉ុន្តែក្រុមអ្នកច្បាប់និយាយថា ការចង់បង្កើតច្បាប់ឃុំខ្លួនមនុស្សក្នុងផ្ទះ គឺផ្ទុយទៅនឹងបទដ្ឋានច្បាប់ ហើយច្បាប់ថ្មីដែលលោកហ៊ុន សែន ចង់បង្កើតឡើងនោះ វាមិនអាចមានអនុភាពប្រតិសកម្មឡើយ។
ពួកគេនិយាយថា ការចង់ធ្វើច្បាប់ឃុំខ្លួនមនុស្សនៅក្នុងផ្ទះគឺជាការ អនុវត្តផ្ទុយទៅនឹងសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិដែលកម្ពុជាជាហត្ថលេខី និងផ្ទុយពីរដ្ឋធម្មនុញរបស់ប្រទេសថែមទៀត។
លោកស ខេង កាលពីថ្ងៃទី១៦កញ្ញា បានថ្លែងនៅក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅខេត្តព្រៃវែងថា លោកជាអ្នកចាត់ចែងករណីឃុំខ្លួនលោកកឹម សុខា ដោយខ្លួនឯង ហើយលោកក៏ជាអ្នកបញ្ជាឲ្យដឹកជញ្ជូន លោកកឹម សុខា ចេញពីពន្ធនាគារត្រពាំងផ្លុងទាំងយប់ និងប្រឌិដ្ឋអំពីការឃុំខ្លួនក្នុងផ្ទះនេះ ធ្វើឡើងស្របទៅតាមផ្លូវច្បាប់។
លោកបន្តថា ការធ្វើដូច្នេះដោយសារតែអ្នកធ្វើច្បាប់ព្រហ្មទណ្ឌខ្វះចន្លោះប្រហោងត្រង់មាត្រាឃុំខ្លួនក្នុងផ្ទះនេះ ទើបលោកខិតខំរិះរកវិធីប្រឌិដ្ឋមួយឡើងដើម្បីឲ្យមានការឃុំខ្លួនលោកកឹម សុខា នៅក្នុងផ្ទះ តាមរយៈការបង្ខំឲ្យលោកកឹម សុខាសរសេរលិខិតស្នើសុំកំលាំងសន្តិសុខការពារសុវត្ថិភាពដាក់ពង្រាយជុំវិញផ្ទះរបស់លោកនោះ។
ក្រុមអ្នករិះគន់និយាយថា ការអះអាងរបស់លោកស ខេងគឺជាការជ្រៀតជ្រែកដល់អំណាចរបស់តុលាការ ហើយថា ការចេញមុខការពារសម្តីរបស់ លោកស ខេង គឺដើម្បីរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់លោកស ខេង ប៉ុណ្ណោះ៕