ក្រសួងអប់រំសម្រេចទុកនាយកវិទ្យាល័យព្រះស៊ីសុវត្ថិឲ្យបន្តការងាររបស់ខ្លួនដដែល ក្រសួងអប់រំយុវជននិងកីឡាកាលថ្ងៃទី២០ ខែកញ្ញា បានសម្រេចរក្សាទុកនាយកវិទ្យាល័យព្រះស៊ីសុវត្ថិគឺមូល ស៊ុយហេងឲ្យបន្ដបំពេញតួនាទីរបស់ខ្លួនដដែល ដោយសារតែមានការគាំទ្រខ្លាំងពីក្រុមគ្រូបង្រៀនមិនឲ្យដករូបលោកនោះ។
ការសម្រេចរបស់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាគឺលោកហង់ ជួនណារ៉ុនធ្វើឡើងក្រោយពីមានការបោះឆ្នោតមួយកាលពីព្រឹកថ្ងៃទី២០ខែកញ្ញាដើម្បីសម្រេចថា គួរបន្ដទុកនាយកវិទ្យាល័យ គឺលោកមូល ស៊ុយហេងឲ្យដឹកនាំវិទ្យាល័យព្រះស៊ីសុវត្ថិបន្តទៀត ឬត្រូវផ្ទេរចេញទៅកាន់នាយកដ្ឋានចំណេះដឹងទូទៅវិញ។
ប៉ុន្តែក្រសួងអប់រំបានចេញសេចក្តីថ្លែងការណ៍ថា ក្រសួងនឹងបង្កើនការត្រួតពិនិត្យ ការដឹកនាំរបស់លោកមូល ស៊ុយហេង ដែលក្រសួងបានរកឃើញថា នាយកសាលារូបនេះ ចាយវាយថវិការបស់សាលាមិនត្រឹមត្រូវ និងខ្ជះខ្ជាយ។
កាលពីថ្ងៃទី១៨ខែកញ្ញា ក្រុមគ្រូបង្រៀន និងសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវិធានការរបស់ក្រសួងអប់រំដែលសម្រេចដកលោកមូល ស៊ុយហេងពីតួនាទីជានាយកវិទ្យាល័យព្រះស៊ីសុវត្ថិ និងការបង្កើតវិទ្យាល័យឯកជនមួយឈ្មោះ NGS ក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិនេះ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមសិស្សានុសិស្ស និងគ្រូបង្រៀន នៃវិទ្យាល័យព្រះស៊ីសុវត្ថិ នៅតែបន្តទាមទារឲ្យក្រសួងលុបចោលសាលារៀនជំនាន់ថ្មីឈ្មោះ NGS ចេញពីវិទ្យាល័យព្រះស៊ីសុវត្ថិ ពីព្រោះសាលាមួយនេះនាំឲ្យមានការរើសអើង។
សាលាជំនាន់ថ្មីឈ្មោះ NGS នេះជាឈ្មោះគ្រឹះស្ថានអប់រំមួយ ត្រូវបានដាក់ឲ្យស្ថិតនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ និងបានដំណើរការតាំងពីឆ្នាំ២០១៤មកម៉្លេះ។
សាលាដ៏ចម្រូងចម្រាសមួយនេះបានទទួលជំនួយពីអង្គការឈ្មោះ កាប៉េ (KAPE) ដោយមានការសម្របសម្រួលពីក្រសួងអប់រំ៕