មេទ័ព៥រូបរបស់លោកហ៊ុន សែនលាលែងតំណែងជានាយរងសេនាធិការចម្រុះ កាលពីពាក់កណ្ដាល ខែកញ្ញា កន្លងទៅនេះ យ៉ាងហោចណាស់មានមេទ័ព៥កំពូលៗរបស់លោក ហ៊ុន សែន រូបទៀតបានលាលែងពីមុខតំណែងជានាយរងសេនាធិការចម្រុះ ប៉ុន្តែនៅបន្តកាន់តួនាទីជាមេបញ្ជាការតាមអង្គភាពរបស់ខ្លួនដដែល។
មេទ័ពទាំង៥រូបនេះ រួមមានលោកស្រី ឌឹក លោកកែវ ធី លោកចាប ភក្តី លោកព្រហ្ម ផេង និងលោកម៉ៅ សុផាន់។
សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិចុះផ្សាយថា ការលាលែងតំណែងទីពីររបស់ក្រុមមេទ័ពទាំងប្រាំរូបនេះគឺជាផ្នែកមួយនៃការកែទម្រង់ ក្នុងវិស័យកងទ័ពកម្ពុជា ដោយតម្រូវឲ្យមនុស្សម្នាក់កាន់មុខតំណែងមួយប៉ុណ្ណោះ។
លោកបន្តថា ការកែទម្រង់នេះនឹងនាំឲ្យមានភាពជឿនលឿនក្នុងការងារ ហើយបទបញ្ជាកងទ័ពកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្រុមអ្នកវិភាគនិយាយ ថា ការបោះបង់មុខតំណែងជានាយសេនាធិការចម្រុះកងទ័ពរបស់ក្រុមឧត្តមសេនីយ៍គ្រាក់ៗទាំងប្រាំរូបនេះគឺដោយសារលោកហ៊ុន សែន ត្រូវយកតួនាទីទាំងនោះទៅចែកឲ្យមេទ័ពផ្សេងៗទៀតក្រោយការបង្កើតរបបថ្មីរបស់លោក។
លើសពីនេះទៅទៀត របបលោកហ៊ុន សែនក៏បានបង្កើនមុខតំណែងកាន់តែច្រើនក្នុងស្ថាប័នរដ្ឋ ច្រើនជាងអាណត្តិមុនៗទៅទៀត៕