របបលោកហ៊ុន សែន បានលើកលែងទោសលោកJames Ricketsonឲ្យមានសេរីភាពឡើងវិញប្រមុខរដ្ឋស្តីទីគឺលោកសាយ ឈុំ កាលពីថ្ងៃសុក្របានលើកលែងទោស លោកJames Ricketson អ្នកថតខ្សែវីដេអូឯកសារ ឲ្យមានសេរីភាពឡើងវិញ ក្រោយពីបុរសវ័យ៦៩ឆ្នាំរូបនេះបានជាប់ ពន្ធនាគារអស់រយៈពេលជាង១ឆ្នាំកន្លងទៅពីបទចារកម្ម។
កាលពីថ្ងៃទី៣១ខែសីហា តុលាការក្រុងភ្នំពេញបានសម្រេចផ្តន្ទាទោសលោក James Ricketson ដាក់ពន្ធនាគាររយៈពេល៦ឆ្នាំតាមមាត្រា៤៣៩ និង៤៤៦នៃក្រមព្រហ្មទណ្ឌពីបទ «ប្រមូលផ្ដុំព័ត៌មានជាអាទិ៍ នាំឲ្យអន្តរាយដល់ការការពារជាតិ»។
លោក James Ricketson ធ្លាប់ប្រាប់អង្គជំនុំជម្រះថា សកម្មភាព ដែលលោកបានធ្វើកន្លងមកនោះ មិនមែនជាការធ្វើចារកម្មឡើយ ប៉ុន្តែគឺជាការអនុវត្តវិជ្ជាជីវៈអ្នកកាសែត និងការផលិតខ្សែភាពយន្តឯកសារស្តីពីស្ថានភាពរស់នៅជាក់ស្តែងរបស់ពលរដ្ឋខ្មែរក្រីក្រនៅកម្ពុជាប៉ុណ្ណោះ។
ជាងនេះទៅទៀត លោកក៏ធ្លាប់បានសុំទោសលោកហ៊ុន សែនចំពោះកិច្ចការដែលលោកបានធ្វើកន្លងមក បើសិនវាធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់រដ្ឋាភិបាលកម្ពុជា។
លោកJames Ricketson ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីខែមិថុនាឆ្នាំ២០១៧ ក្រោយពេលលោកបានថតវីដេអូសកម្មភាពឃោសនាការបោះឆ្នោតឃុំ សង្កាត់ របស់គណបក្សសង្គ្រោះជាតិក្នុងទីក្រុងភ្នំពេញ៕