ប្រធានាធិបតីវៀតណាមដែលល្បីខាងការរំលោភសិទ្ធិមនុស្ស ក្នុងប្រទេសវៀតណាមទទួលមរណភាពដោយរោគាពាធ មន្រ្តីរដ្ឋាភិបាលវៀតណាមឲ្យដឹងថា លោកត្រាន់ ដាយក្វាង ដែលជាប្រធានាធិបតីរបស់ប្រទេសកុម្មុយនីស្តមួយនេះបានស្លាប់ក្នុងវ័យ៦១ឆ្នាំ កាលពីថ្ងៃទី២១ខែកញ្ញា ដោយសាររោគាពាធយ៉ាងធ្ងន់ធ្ងរ។
ចំណែកប្រធានរដ្ឋសភាលោកហេង សំរិន នៃប្រទេសកម្ពុជាបានសម្តែងការសោកស្តាយចំពោះដំណឹងនេះ។
លោកហេង សំរិន បានផ្ញើរលិខិតចូលរួមរំលែកមរណទុក្ខជូនប្រធានរដ្ឋសភាវៀតណាម គឺលោកស្រីងៀងធី គីមងិន កាលពីយប់ថ្ងៃទី២១ខែកញ្ញា ដោយចាត់ទុកមរណភាពរបស់លោកប្រធានាធិបតីវៀតណាមថា ជាការបាត់បង់ដ៏ធំធេងនៃថ្នាក់ដឹកនាំដ៏ល្អរបស់ប្រទេស និងពលរដ្ឋវៀតណាម ហើយថា លោកត្រាន់ ដាយក្វាងធ្លាប់ជាមិត្តដ៏ល្អរបស់កម្ពុជា។
លោកត្រាន់ ដាយក្វាងជាប្រធានាធិបតីវៀតណាមទី៨ ដែលបានឡើងកាន់អំណាចពីថ្ងៃទី២ខែមេសាឆ្នាំ២០១៦ដល់ថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០១៨។
ក្រុមអ្នករិះគន់និយាយថា លោកត្រាន់ ដាយក្វាង ធ្លាប់ធ្វើការជាមន្រ្តីជាន់ខ្ពស់នៃក្រសួងសន្តិសុខសាធារណៈ ដែលតែងត្រួតពិនិត្យ តាមដានសកម្មភាពប្រចាំថ្ងៃរបស់ពលរដ្ឋវៀតណាម ហើយបានចូលរួមបង្ក្រាបសកម្មភាពក្រុមអ្នកតវ៉ាអំពីបញ្ហាសិទ្ធិមនុស្ស និងធ្លាប់បានចាប់ខ្លួនអ្នកនយោបាយដាក់ពន្ធនាគារជាច្រើនរាប់មិនអស់៕