វីដេអូ

តុលាការខេត្តសៀមរាបដោះលែងថ្នាក់ដឹកនាំអង្គការសារៈមន្ទីរគ្រាប់មីន

By ឌឹ ខេមបូឌា ដេលី

September 23, 2018

តុលាការខេត្តសៀមរាបដោះលែងថ្នាក់ដឹកនាំអង្គការសារៈមន្ទីរគ្រាប់មីន សាលាដំបូងខេត្តសៀមរាបកាលពីថ្ងៃទី២២ ខែកញ្ញា បានដោះលែង ថ្នាក់ដឹកនាំ៣រូបរបស់អង្គការសារៈមន្ទីរគ្រាប់មីន ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។

ទោះជាយ៉ាងណាក៏ដោយ តុលាការមិនទាន់អនុញ្ញាតឲ្យអង្គការមួយនេះបើកដំណើរការឡើងវិញនៅឡើយទេ។

លោក អឿន យក្ស ហៅ អាគីរ៉ា ប្រធានអង្គការសារមន្ទីរគ្រាប់មីនដែលជាអ្នកជំនាញខាងការដោះមីនដោយមិនគិតថ្លៃអស់រយៈពេល១៧ឆ្នាំ និងមន្រ្តីជាន់ខ្ពស់នៃអង្គការនេះពីររូបទៀត ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប បញ្ជូនទៅតុលាការកាលពីថ្ងៃទី២៨ ខែសីហា ពីបទរក្សាទុកអាវុធដោយខុសច្បាប់។

កាលពីឆ្នាំ២០១០លោកអឿន យក្សហៅអាគីរ៉ា ត្រូវបានទូរទស្សន៍របស់អាមេរិកាំង CNN ផ្ដល់កិត្តិយសជាវីរបុរសរបស់ពិភពលោកក្នុងសកម្មភាពដោះមីន និងគ្រាប់មិនទាន់ផ្ទុះ។

លោកអាគីរ៉ាបានធ្វើសកម្មភាពស្ម័គ្រចិត្ត ដោះមីននៅកម្ពុជាពីឆ្នាំ១៩៩០រហូតដល់ឆ្នាំ២០០៧។

ក្នុងរយៈពេលជិត២០ឆ្នាំនៃការងារបោសសំអាតមីនដែលមិនគិតថ្លៃនេះ លោកបានដោះមីនចេញពីផ្ទៃដីប្រមាណ៥ម៉ឺនគ្រាប់ ដោយប្រើដៃដើម្បីដោះមីន៕