ក្រុមសិទ្ធិមនុស្សអន្តរជាតិសាទរការដោះលែងលោក James Ricketson ប៉ុន្តែរិះគន់ការឃុំខ្លួនលោក អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watch កាលពីថ្ងៃទី២២ ខែកញ្ញាបានសម្តែងការសាទរចំពោះការដោះលែងលោក James Ricketson ប៉ុន្តែបានជំរុញឲ្យលោកមិនត្រូវភ្លេចការឃុំខ្លួនរយៈពេល១៤ខែក្នុងឋាននរកនៃមន្ទីរឃុំឃាំងរបស់កម្ពុជានោះឡើយ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch គឺលោកPhil Robertsonបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថា គ្រប់គ្នាមិនត្រូវមើលរំលងបទចោទធ្វើចារកម្មបែបក្លែងក្លាយមកលើលោក James Ricketson នេះឡើយ ហើយក៏មិនត្រូវបំភ្លេចអំពីល្បិចរបស់លោកហ៊ុន សែនដែលបានយកបុរសអូស្រ្តាលីរូបនេះ ធ្វើជាចំណាប់ខ្មាំងដើម្បីបំពេញធាតុផ្សំឱ្យអំពើទុច្ចរឹតខាងនយោបាយដ៏រវើរវាយរបស់ខ្លួន គឺពាក្យថា «បដិវត្តន៍ពណ៌»នោះដែរ។
លោក Phil Robertson អះអាងថា ការដោះលែងនេះ មិនអាចលុបបំបាត់ការអនុវត្តនីតិវិធីដ៏គួរឱ្យអាម៉ាស់ទាក់ទងនឹងសវនការ និងភស្តុតាងបែបលេងសើច ដែលតុលាការរបស់លោកហ៊ុន សែនប្រើប្រាស់ដើម្បីកាត់ទោសលោក James Ricketson បានឡើយ ហើយក៏មិនអាចស្តារកេរ្តិ៍ឈ្មោះប្រព័ន្ធតុលាការកម្ពុជាដែលត្រូវបានបំផ្លាញ ដោយសំណុំរឿងនេះដែរ។
លោកJames Ricketson ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីខែមិថុនាឆ្នាំ២០១៧ ក្រោយពេលលោកបានថតវីដេអូសកម្មភាពឃោសនាការបោះឆ្នោតឃុំ សង្កាត់ របស់គណបក្សសង្គ្រោះជាតិក្នុងទីក្រុងភ្នំពេញ៕