ក្រោយពេលមកដល់ស្រុកកំណើតក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកJames Ricketson អ្នកផលិតខ្សែវីដេអូឯកសារដែលទើបត្រូវបានរបបលោកហ៊ុន សែនដោះលែងឲ្យមានសេរីភាពឡើងវិញនោះ បានប្រាប់ក្រុមគ្រួសារ និងសារព័ត៌មានថា លោកមិនដកថយឡើយចំពោះការស្រឡាញ់ពលរដ្ឋកម្ពុជា។
ក្រោយពេលរបបលោកហ៊ុន សែន ដោះលែងឲ្យមានសេរីភាពឡើងវិញកាលពីថ្ងៃទី២២ខែកញ្ញា លោក James Ricketson ត្រូវបានសមត្ថកិច្ចរបស់ប្រទេសកម្ពុជាបញ្ជូនចេញពីកម្ពុជា ហើយបានធ្វើដំណើរមកដល់ប្រទេសអូស្រ្តាលី កាលពីវេលាម៉ោងប្រមាណ ៨ យប់ ថ្ងៃទី២៣កញ្ញា។
ពេលទៅដល់ប្រទេសអូស្រ្តាលី លោក James Ricketson បានថ្លែងអំណរគុណដល់ក្រុមគ្រួសាររបស់លោក ដែលបានផ្តល់ការគាំទ្រសព្វបែបយ៉ាងដល់លោកក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅ។
លោកបន្តថាប្រសិនបើគ្មានការជួយជ្រោមជ្រែងពីក្រុមគ្រួសាររបស់លោកទេ នោះលោកប្រហែលជាមិនបានត្រឡប់មកប្រទេសអូស្រ្តាលី វិញឡើយ។
លោកJames Ricketson ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីខែមិថុនាឆ្នាំ២០១៧ ក្រោយពេលលោកបានថតវីដេអូសកម្មភាពឃោសនាការបោះឆ្នោតឃុំ សង្កាត់ របស់គណបក្សសង្គ្រោះជាតិក្នុងទីក្រុងភ្នំពេញ៕