វីដេអូ

សមត្ថកិច្ចខេត្តកំពង់ឆ្នាំងគ្រោងផ្លាស់ទីជនជាតិវៀតណាមពីក្នុងទឹកមក នៅលើគោកវិញ

By ឌឹ ខេមបូឌា ដេលី

September 25, 2018

សមត្ថកិច្ចខេត្តកំពង់ឆ្នាំងគ្រោងផ្លាស់ទីជនជាតិវៀតណាមពីក្នុងទឹកមក នៅលើគោកវិញ អាជ្ញាធរខេត្តកំពង់ឆ្នាំងនឹងចាប់ផ្ដើមរើទីតាំងជនជាតិវៀតណាមប្រហែល១ពាន់គ្រួសារ ឲ្យទៅរស់នៅលើដីគោកវិញ នៅសប្តាហ៍ក្រោយនេះ ដើម្បីឲ្យទឹកទន្លេស្អាតឡើងវិញ។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីរបស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងចុះផ្សាយកាលពីថ្ងៃទី២៤ថា រដ្ឋាភិបាលមិនអាចចេញប្លង់កម្មសិទ្ធិឲ្យជនទាំងឡាយណាមានសិទ្ធិរស់នៅលើទឹកនោះទេ។

លោកបន្តថា ការរស់នៅលើទឹកដូច្នេះបានធ្វើឲ្យខូចបរិស្ថាន និងគុណភាពទឹកទន្លេយ៉ាងខ្លាំង។

លោកឈួរ ច័ន្ទឌឿនបញ្ជាក់ថា អាជ្ញាធរនឹងបង្កើនការថែទាំទឹកទន្លេ ដើម្បីទុកឲ្យប្រជាពលរដ្ឋទូទៅប្រើប្រាស់វាជាសម្បត្តិសាធារណៈ និងសម្រាប់ជីវចម្រុះផងដែរ។

អភិបាលខេត្តកំពង់ឆ្នាំងរូបនេះ អះអាងថា កាលណាមនុស្សនៅលើទឹកវាមានជាតិពុលច្រើន ហើយកាកសំណល់ជាច្រើនបានធ្លាក់ទៅក្នុងទឹក។

លោកបន្តថាពេលទឹកស្រកម្តងៗ ទឹកទន្លេក្នុងខេត្តនេះមានភាពកខ្វក់ជាខ្លាំង។

អាជ្ញាធរខេត្តកំពង់ឆ្នាំងប្រកាសថា គម្រោងជម្លៀសប្រជាជនវៀតណាមមកនៅលើគោកវិញនេះ តម្រូវឲ្យជនជាតិវៀតណាមទាំងនោះឡើងមកនៅលើគោកឲ្យអស់នៅចុងឆ្នាំ២០១៨ ជាកំហិត។

ហើយចំណែកពលរដ្ឋខ្មែរ និងខ្មែរ-អ៊ិស្លាម ប្រមាណ២ពាន់នាក់ផ្សេងទៀតដែលកំពុងរស់នៅតាមដងទន្លេក្នុងស្រុកនានានៃខេត្តកំពង់ឆ្នាំង នឹងត្រូវធ្វើការបន្លាស់ទីទៅរស់នៅលើគោកឲ្យអស់នៅឆ្នាំ២០១៩៕