27 C
Phnom Penh

តំណាងរាស្រ្តអាមេរិកាំងបានផ្តល់ប័ណ្ណសរសើរដល់សមាជិកជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិបីរូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្រ្តអាមេរិកាំងបានផ្តល់ប័ណ្ណសរសើរដល់សមាជិកជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិបីរូប ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភាតំណាងរាស្រ្ត សហរដ្ឋអាមេរិកគឺលោកEd Royceកាលពីចុងសប្តាហ៍កន្លងទៅនេះបានផ្តល់ប័ណ្ណសរសើរដល់តំណាងរាស្រ្តបក្សសង្គ្រោះជាតិពីររូប និងមន្រ្តីជាន់ខ្ពស់នៃគណបក្សនេះមួយរូប ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការងារតស៊ូមតិតាមបែបអហិង្សាដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិទាំងបីរូបនោះ រួមមាន លោកតំណាងរាស្រ្ត អ៊ំ សំអាន ដែលទើបត្រូវបានដោះលែងក្រោយពេលជាប់ពន្ធនាគាអស់រយៈពេលជាង២ឆ្នាំ លោក តំណាងរាស្រ្ត ញ៉យ ចំរើនជាជនរងគ្រោះនៃអំពើហិង្សាក្បែរមន្ទីររដ្ឋសភា និងប្រធាននាយកដ្ឋានព័ត៌មានលោកមាជ សុវណ្ណារ៉ា ដែលទើបត្រូវបានដោះលែងក្រោយពីជាប់ឃុំឃាំងអស់រយៈពេលជាងបីឆ្នាំ។

លោកអ៊ំ សំអានអះអាងថា បណ្ណសរសើរដែលលោកទទួលបាននេះ គឺជាការលើកទឹកចិត្តដ៏ធំធេងដល់ជនទាំងឡាយណាដែលក្លាហាន តស៊ូដើម្បីសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។

លោកបន្តថា បណ្ណសរសើរនេះគឺជាទទួលការស្គាល់ចំពោះភាពលះបង់ដែលលោកបានតស៊ូដើម្បីបុព្វហេតុនៃសច្ចភាពសង្គមជូនពលរដ្ឋខ្មែរពិតប្រាកដ។

លោកអ៊ំ សំអានមានប្រសាសន៍ថា តំណាងរាស្រ្តពីររូបទៀតដែល ជាអ្នកតែងឈឺឆ្អាលអំពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជាគឺលោកអាលែន ឡូវែនថល និងលោកដេណា រ៉ូរ៉ាបាកឃើរ នឹងជូនបណ្ណសរសើរដូចលោកអេដ រ៉យ មកឲ្យក្រុមរបស់លោកបន្ថែមទៀតនៅពេលដ៏ឆាប់ខាងមុខ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស