អតីតអ្នកទោសនយោបាយរបស់បក្សសង្គ្រោះជាតិចូលរួមប្រជុំនៅអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស អតីតអ្នកទោសនយោបាយ និងជាមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិគឺលោកមាជ សុវណ្ណារ៉ាឲ្យដឹងថា លោកនឹងលើកចំណុចសំខាន់ៗចំនួន បួន ដាក់ជូនគណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដើម្បីឲ្យជួយដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ក្នុងមហាសន្និបាតលើកទី៣៩ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខ ដែលលោកហ៊ុន សែននឹងចូលរួមដែរនោះ។
លោកមាជ សុវណ្ណារ៉ា ជំរុញឲ្យប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសិក្សា និងតាមដានអំពីស្ថានការណ៍នយោបាយរបស់កម្ពុជាឡើងវិញ។
ទី២ស្នើឲ្យសហគមន៍អន្តរជាតិយករបាយការណ៍របស់អ្នកស្រី រ៉ូណាស្មីត អ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្សដើម្បីជំរុញឲ្យអង្គការសហប្រជាជាតិធ្វើអន្តរាគមន៍ឲ្យមានការដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។
ទី៣ ជំរុញឲ្យក្រុមប្រទេសផ្តល់ជំនួយបង្កើនការដាក់សម្ពាធដល់កម្ពុជាឲ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
ហើយទីបួន ទាមទារឲ្យអង្គការសហប្រជាជាតិ ធ្វើអន្តរាគមន៍ឲ្យមានការដោះលែងលោកកឹម សុខាពីការឃុំឃាំងក្នុងផ្ទះ។
ចំណែក ពលរដ្ឋខ្មែររាប់រយនាក់មកពីតាមបណ្តារដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិកនឹងនាំគ្នាធ្វើបាតុកម្មនៅខាងមុខទីស្នាក់ការធំ របស់អង្គការសហប្រជាជាតិក្នុងបុរីញូវយ៉ក នៅថ្ងៃទី២៨ខែកញ្ញាខាងមុខនេះ វិញដើម្បី ទាមទារឲ្យអង្គការអន្តរជាតិដ៏កំពូលមួយនេះដាក់សម្ពាធឲ្យរបប លោកហ៊ុន សែន ទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងឡាយមកលើលោកកឹម សុខា ស្តារនីតិសម្បទាគណបក្សសង្គ្រោះជាតិ ហើយអនុញ្ញាតឲ្យមន្រ្តីរបស់គណបក្សនេះចំនួន១១៨ រូបមានសិទ្ធិធ្វើនយោបាយក្នុងប្រទេសរបស់ខ្លួនឡើងវិញ៕