លោកហ៊ុន សែនគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីវៀតណាម លោកហ៊ុន សែន នៅពីថ្ងៃពុធទី២៦ ខែកញ្ញានេះបានដឹកនាំគណៈប្រតិភូរបស់កម្ពុជាទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាមដើម្បីគោរពវិញ្ញាណក្ខន្ធលោកត្រាន់ ដាយក្វាង(Tran Dai Quang) អតីតប្រធានាធិបតីរបស់វៀតណាមដែលទើបស្លាប់កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះដោយជំងឺ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា មន្រ្តីកម្ពុជា ដែលនឹងរួមដំណើរជាមួយលោកហ៊ុន សែនរួមមានលោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអ្នកស្រីម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច។
របបលោកហ៊ុន សែនចាត់ទុកថា មរណភាពលោកត្រាន់ ដាយក្វាងគឺជាការបាត់បងដ៏ធំធេង។
អតីតប្រធានាធិបតីវៀតណាមរូបនេះបានទទួលមរណភាពកាលពីថ្ងៃទី២១ខែកញ្ញាក្នុងវ័យ៦២ឆ្នាំ។
ក្រុមសិទ្ធិមនុស្សនិយាយថា លោកត្រាន់ ដាយក្វាង ធ្លាប់ជារដ្ឋមន្រ្តីនៃក្រសួងសន្តិសុខសាធារណៈ ដែលតែងតាមដានសកម្មភាពប្រចាំថ្ងៃរបស់ពលរដ្ឋវៀតណាម និងបានបង្ក្រាបក្រុមអ្នកតវ៉ាផ្នែកសិទ្ធិមនុស្ស ហើយចាប់អ្នកនយោបាយដាក់ពន្ធនាគារជាច្រើននាក់៕