អង្គការលើកលែងទោសអន្តរជាតិឲ្យរបបលោកហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់មកលើបុគ្គលិកអង្គការអាដហុក អង្គការលើកលែងទោសអន្តរជាតិ Amnesty International កាលពីថ្ងៃ ទី២៥ខែកញ្ញាបានជំរុញឱ្យអាជ្ញាធរកម្ពុជា ទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងអស់ មកលើបុគ្គលិកនិងអតីតបុគ្គលិកសមាគមការពារសិទ្ធិមនុស្សចំនួនប្រាំរូបជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ដោយសារពួកគេគ្មាន កំហុសដូចការចោទប្រកាន់នោះឡើយ។
ការទាមទាររបស់អង្គការអន្តរជាតិមួយនេះ ធ្វើឡើងមួយថ្ងៃមុនសាលាដំបូងរាជធានីភ្នំពេញចេញសាលក្រមលើករណីអតីតបុគ្គលិក និងបុគ្គលិកបច្ចុប្បន្នរបស់សមាគមការពារសិទិ្ធមនុស្សអាដហុកប្រាំនាក់។
អង្គការលើកលែងទោសអន្តរជាតិអះអាងថា អ្នកទាំងប្រាំនេះ ជាអ្នកធ្វើសកម្មភាពខាងវិស័យសិទ្ធិមនុស្ស និងលើកស្ទួយសិទ្ធិមនុស្សប៉ុណ្ណោះ ហើយថា ការចោទប្រកាន់ទាំងឡាយមកលើពួកគេ មានចរិតនយោបាយ ដែលអាចនាំឲ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា។
អង្គការការពារសិទ្ធិមនុស្សមួយនេះ អះអាងថា មន្រ្តីនិងអតីតមន្រ្តីអាដហុកប្រាំនាក់ នោះបានបានជាប់ក្នុងមន្ទីរឃុំឃាំង៤២៦ថ្ងៃនៅលើបទចោទប្រកាន់ក្លែងក្លាយស្តីពីសំណូក ដែលគ្រាន់តែផ្តល់ឱ្យនាងខុម ចាន់ដារ៉ាទីហៅស្រីមុំនូវប្រាក់មួយចំនួនតូចដើម្បីផ្គត់ផ្គង់ចំណីអាហារ និងការធ្វើដំណើរ ដែលជាផ្នែកមួយនៃជំនួយផ្នែកច្បាប់របស់ពួកគេដល់រូបនាងតែប៉ុណ្ណោះ។
សហគមន៍អន្តរជាតិចាត់ទុកថា ការប្រើប្រាស់ប្រព័ន្ធតុលាការមកលើអ្នកទាំង៥នេះគឺធ្វើឡើងក្នុងហេតុផលនយោបាយ ហើយទាមទារឲ្យតុលាការនៃរបបលោកហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់លើពួកគេ៕