37 C
Phnom Penh

លោក ហ៊ុន សែន ស្នើឱ្យសហគមន៍ខ្មែរដែលត្រៀមធ្វើបាតុកម្មប្រឆាំងនឹងលោកកុំយករឿងឯកជនជាធំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ស្នើឱ្យសហគមន៍ខ្មែរដែលត្រៀមធ្វើបាតុកម្មប្រឆាំងនឹងលោកកុំយករឿងឯកជនជាធំ លោកហ៊ុន សែនបានសរសេរក្នុងទំព័រហ្វេសប៊ុក(Facebook) កាលពីថ្ងៃទី២៧ខែកញ្ញាមុនពេលចាកចេញពីកម្ពុជាទៅចូលរួមមហាសន្និបាតរបស់អង្គការសហប្រជាជាតិថា លោកនឹងជួបសហគមន៍ខ្មែរដែលគាំទ្ររូបលោកដើម្បីសម្តែងការនឹករលឹក និងប្រាប់ពីសភាពការណ៍ពិតនៅកម្ពុជា។

លើសពីនេះទៅទៀតលោក ក៏ស្នើសុំឱ្យសហគមន៍ខ្មែរដែលមិនចូលចិត្តរូបលោក បែងចែកឱ្យដាច់ពីគ្នារវាងមុខមាត់ជាតិនឹងរឿងឯកជនផ្ទាល់ខ្លួនស្របតាមសម្បជញ្ញៈវិចារណញ្ញាណ និងមនសិការរៀងៗខ្លួន លោកបន្តថាបេសកកម្មរបស់លោកនៅពេលនេះ គឺដើម្បីផលប្រយោជន៍ជាតិ ហើយលោកនឹងមិនឱ្យបរទេសណាជាន់ឈ្លីកិត្តិយសជាតិខ្មែរនោះឡើយ។

ប៉ុន្តែសហគមន៍ខ្មែរក្នុងសហរដ្ឋអាមេរិកអះអាងថា អ្វីដែលសហគមន៍ខ្មែររៀបចំធ្វើបាតុកម្មនេះ គឺដើម្បីទាមទារឱ្យរបបលោក ហ៊ុន សែន ងាកមករកការដឹកនាំតាមបែបប្រជាធិបតេយ្យ និងមានការគោរពសិទ្ធិមនុស្សត្រឹមត្រូវឡើងវិញ។

ចំណែកអតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលធ្លាប់ប្រកាសថាលោកនឹងដឹកនាំធ្វើបាតុកម្មនេះ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក លោកនឹងមិនបានទៅចូលរួមបាតុកម្មនេះឡើយដោយសារលោកកំពុងជាប់រវល់ក្នុងកិច្ចការផ្ទាល់ខ្លួន៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស