37.6 C
Phnom Penh

លោក ហ៊ុន សែន បានការពាររបបរបស់លោកនៅក្នុងអង្គមហា សន្និបាត របស់អង្គការសហប្រជាជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បានការពាររបបរបស់លោកនៅក្នុងអង្គមហា សន្និបាត របស់អង្គការសហប្រជាជាតិ លោកហ៊ុន សែន បានថ្លែងនៅក្នុងមហាសន្និបាតរបស់ អង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ ដោយការពារភាពស្របច្បាប់នៃរបបថ្មីរបស់ លោកក្រោយពីការបោះឆ្នោតក្លែងក្លាយកាលពីចុងខែកក្កដា កន្លងទៅនេះ។

លោក ហ៊ុន សែន អះអាងថារបបថ្មីរបស់លោកកើតចេញពីការបោះឆ្នោតដោយសេរីដែលមានការចូលរួមពីគណបក្សជាច្រើន និងគ្មានការបង្ខិតបង្ខំ ដែលអាចជឿទុកចិត្តបានពីសំណាក់មហាជនទូទៅ។

ប៉ុន្តែលោកហ៊ុន សែន បានបន្ទោសដល់បណ្តាប្រទេសលោកសេរីថាបាន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

លោកហ៊ុន សែន អះអាងថាមជ្ឈដ្ឋានខាងក្រៅមួយចំនួន ធ្វើមិនឃើញនូវគុណភាព និងសុចរិតភាពនៃដំណើរការបោះឆ្នោតនៅកម្ពុជាតាមរយៈការចេញសេចក្តីថ្លែងការណ៍នានាប្រឆាំងនិងវាយប្រហារមកលើលទ្ធផលនៃការបោះឆ្នោត។

លោកបន្តថាទង្វើបែបនេះ គឺជាការប្រមាថធ្ងន់ធ្ងរចំពោះឆន្ទៈរបស់ពលរដ្ឋកម្ពុជា។

ទោះជាយ៉ាងណាក៏ដោយលោកហ៊ុន សែន មិនបានលើកឡើងអំពីការរំលាយបក្សសង្គ្រោះជាតិ ការហាមមិនអោយក្រុមមន្រ្តីរបស់បក្សនេះចំនួន១១៨ ធ្វើនយោបាយរយៈពេលប្រាំឆ្នាំ ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួននោះឡើយ។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោកស្រី រ៉ូណា ស្ម៊ីតកាលពីថ្ងៃទី២៦ខែកញ្ញាបានអះអាងថាកម្ពុជា ជារដ្ឋឯកបក្សក្រោយការបោះឆ្នោតក្លែងក្លាយ និងដោយអាម៉ាស់កន្លងទៅ។

លោកស្រីចាត់ទុកថាជ័យជំនះភ្លូកទឹកភ្លូកដីដែលលោកហ៊ុន សែនបានអួតអាងនោះ គឺជាការបោះឆ្នោតមួយដែល ញាំញីដោយការបំផ្លាញប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស