ក្រុមសិទ្ធិមនុស្សក្នុងស្រុករកឃើញថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសមានការរំលោភសិទ្ធិមនុស្ស មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារកឃើញថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា បានញាំញីដោយការរំលោភសិទ្ធិមនុស្សដែលអាជ្ញាធរត្រូវធ្វើការផ្លាស់ប្តូរដើម្បីការពារផលប្រយោជន៍ដល់ពលរដ្ឋពិតប្រាកដ។
ឯកសារស្ដីពីធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR ដែលចេញផ្សាយសម្រាប់ខែកញ្ញាកន្លងទៅ បានរកឃើញបញ្ហាចំនួន៤ទាក់ទងដល់ការរំលោភសិទ្ធិមនុស្សនៅតាមតំបន់សេដ្ឋកិច្ចពិសេស។
ចំណុចទាំងបួននោះរួមមាន៖ទី១ ខ្វះតម្លាភាព និងការផ្សព្វផ្សាយ ដែលនាំឲ្យសហគមន៍ទទួលរងផលប៉ះពាល់។
ទី២ការបណ្តេញចេញដោយបង្ខំដោយអយុត្តិធម៌ ដែលមិនបានពិគ្រោះយោបល់ និងមិនបានផ្តល់សំណងត្រឹមត្រូវ។
ទី៣ អ្នកដែលបម្រើការក្នុងតំបន់សេដ្ឋកិច្ចពិសេសបានប្រាក់ឈ្នួលទាប និងមានលក្ខខណ្ឌការងារមិនល្អ ។
ហើយទី៤ គឺការរឹតបន្តឹងធ្ងន់ធ្ងរលើសេរីភាពបញ្ចេញមតិ ការជួបប្រជុំ និងមានការរើសអើង ឬការបំភិតបំភ័យខាងផ្លូវតុលាការ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាឲ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅលើសិទ្ធិជាមូលដ្ឋានរបស់សហគមន៍ ប្រសិនបើតំបន់សេដ្ឋកិច្ចពិសេសទាំងនោះបង្កើតឡើង ដោយមិនផ្សារភ្ជាប់គោលការណ៍គោរពសិទ្ធិមនុស្ស៕