ក្រសួងយុត្តិធម៌គ្រោងលើកលែងទោស និងបន្ធូរបន្ថយ ទោសទណ្ឌិតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្រសួងយុត្តិធម៌កាលពីថ្ងៃទី២ ខែកញ្ញា ប្រកាសថាខ្លួននឹងពិនិត្យស្នើសុំការលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន៣១៩នាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោកជិន ម៉ាលីនចុះផ្សាយថា ការលើកលែងនិងបន្ធូរបន្ថយទោសនេះគឺផ្អែកលើគោលការណ៍ច្បាប់ និងមនុស្សធម៌។
កាលពីរដូវបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០១៧ ព្រះមហាក្សត្របានបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតសរុបចំនួន១៥៧នាក់។
ចំណែកពិធីបុណ្យចូលឆ្នាំថ្មីវិញ ព្រះមហាក្សត្រលើកលែង និងបន្ធូរបន្ថយទោសទណ្ឌិតចំនួន៧២នាក់ ពិធីបុណ្យពិសាខបូជាចំនួន៣៥នាក់ និងពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែចំនួន៥០នាក់។
លោកហ៊ុន សែនធ្លាប់ប្រកាសថា នៅឆ្នាំ២០១៨ លោកនឹងស្នើសុំព្រះមហាក្សត្រព្រះរាជទានលើកលែងទោស និងបន្ធូរបន្ថយជាទ្រង់ទ្រាយធំ បន្ថែមលើកម្មវិធីលើកលែងទោសប្រចាំឆ្នាំដូចជាបុណ្យភ្ជុំបិណ្ឌ និងបុណ្យឯករាជ្យជាតិជាដើម ៕