វីដេអូ

សហជីពកម្មកររំពឹងថា ប្រាក់ឈ្នួលគោលកម្មករឆ្នាំ២០១៩នឹងកើនឡើងចន្លោះពី១៨២ ដល់១៨៧ដុល្លារក្នុងមួយខែ

By ឌឹ ខេមបូឌា ដេលី

October 05, 2018

សហជីពកម្មកររំពឹងថា ប្រាក់ឈ្នួលគោលកម្មករឆ្នាំ២០១៩នឹងកើនឡើងចន្លោះពី១៨២ ដល់១៨៧ដុល្លារក្នុងមួយខែ សហជីពកម្មករ និយោជក និងតំណាងរដ្ឋាភិបាលនឹងជួបគ្នាជាលើកចុងក្រោយនៅរសៀលថ្ងៃទី៥ ខែ តុលានេះដើម្បីសម្រេចតួលេខចុងក្រោយនៃប្រាក់ឈ្នួលគោលកម្មករក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើង។

លោកអាត់ ធន់ប្រធានសហភាពការងារកម្ពុជាបានសរសេរនៅលើ គណនីហ្វេសប៊ុករបស់លោកថា ក្រុមការងារត្រីភាគីទើបបានជួបគ្នាកាលពីថ្ងៃទី៤ ខែតុលា ដើម្បីជជែកពីបញ្ហានេះដែរ ប៉ុន្តែនៅមិនទាន់ទទួលបានការសម្រេចយ៉ាងណានៅឡើយទេ។

លោកបន្តថា ភាគីនិយោជកបានយល់ព្រមផ្តល់ប្រាក់ខែគោលដល់កម្មករចំនួន១៧៧ដុល្លារ ប៉ុន្តែភាគីកម្មករចង់បានពី១៨២ដុល្លារ ទៅ១៨៩ដុល្លារក្នុងមួយខែ។

លោកបន្តថាតួលេខទាំង២នេះនឹងត្រូវជជែកក្នុងកិច្ចប្រជុំនៅថ្ងៃទី៥ ខែតុលា នេះ ដើម្បីសម្រេចជាចុងក្រោយ ហើយដើម្បីប្រកាសដាក់ឲ្យ អនុវត្តនៅថ្ងៃទី១ ខែមករាឆ្នាំ២០១៩ខាងមុខ។

មេដឹកនាំសហជីពរូបនេះអះអាងថា សហជីពក៏បានទាមទារឲ្យរដ្ឋាភិបាល បន្តពង្រីកនិងបញ្ចុះតម្លៃសេវាអគ្គិសនី ទឹក ឈ្នួលបន្ទប់ ពង្រឹងសេវាសុខាភិបាល និងដកពាក្យបណ្តឹងប្រឆាំងនឹងសហជីព។

ជាងនេះទៅទៀត លោកអាត់ ធន់ ស្នើឲ្យភាគីនិយោជកផ្តល់ប្រាក់ថ្លៃដឹកជញ្ជូន និងអាហារថ្ងៃត្រង់បន្ថែមទៀតដល់កម្មករនិយោជិត៕